លភ្នំពេញ៖ អង្គភាពពន្ធនាគារ បានឲ្យដឹងអំពីករណីមរណភាពរបស់ជនជាប់ឃុំឈ្មោះ លី សាម៉េត អាយុ ៧៣ឆ្នាំ នៅមណ្ឌលអប់រំកែប្រែទី១ (ម១) នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦។
តាមការបញ្ជាក់ លោក លី សាម៉េត មានប្រវត្តិជំងឺប្រចាំកាយធ្ងន់ធ្ងរ រួមមានជំងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់ តាំងពីមុនពេលបញ្ជូនមកឃុំខ្លួនក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលឃុំខ្លួន គាត់ត្រូវបានតាមដានសុខភាពជាប្រចាំដោយក្រុមគ្រូពេទ្យប្រចាំមណ្ឌល និងទទួលការថែទាំនៅប៉ុស្តិ៍សុខភាពរបស់មណ្ឌល។
អាជ្ញាធរបានបញ្ជាក់ថា នៅព្រឹកថ្ងៃកើតហេតុថា បន្ទាប់ពីការប្រជុំជួររួច មន្ត្រីប្រចាំការបានចាក់សោរបញ្ចេញជនជាប់ឃុំដូចរាល់ដង ក៏ ប្រទះឃើញសពលោក លី សាម៉េត នៅលើគ្រែ ក្នុងសភាពដូចកំពុងសម្រាក ប៉ុន្តែពុំមានសញ្ញាជីវិតទៀតឡើយ។ ភ្លាមៗ មណ្ឌលបានប្រកាសអាសន្ន និងរាយការណ៍ទៅកាន់ជំនាញសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។
បន្ទាប់មក ទីតាំងកើតហេតុត្រូវបានបិទខ្ទប់ និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ រួមមានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានពន្ធនាគារ និងនាយកដ្ឋានជំនាញវិទ្យាសាស្ត្រនគរបាល ដើម្បីធ្វើកោសល្យវិច័យ និងស្រាវជ្រាវតាមនីតិវិធី។ ក្រោយការពិនិត្យ និងពិភាក្សាជាមួយគ្រួសារសព អាជ្ញាធរបានឯកភាពថា មូលហេតុបឋមនៃមរណភាព គឺអាចពាក់ព័ន្ធនឹងការគាំងបេះដូង រួមជាមួយជំងឺប្រចាំកាយដូចជាទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់។
បន្ទាប់ពីបញ្ចប់ការពិនិត្យ អាជ្ញាធរបានអនុញ្ញាតឲ្យគ្រួសារសពទទួលសពទៅរៀបចំពិធីបុណ្យតាមប្រពៃណី ដោយមានការចូលរួមពីសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ។
តាមលោក នុត សវនា បានបញ្ជាក់ថា ក្នុងនាមអង្គភាពអនុវត្តសាលក្រម សាលដីកាតុលាការ និងអប់រំកែប្រែ ស្តារនីតិសម្បទាជូនជនជាប់ឃុំ យើងខ្ញុំមានភារកិច្ចចាំបាច់ក្នុងការមើលថែសុខមាលភាព និងអាយុជីវិតជនជាប់ឃុំទាំងអស់ ដែលកំពុងអនុវត្តទោស និងរង់ចាំតស៊ូក្តីនៅតុលាការ តែជាអកុសល បញ្ហាស្លាប់តែងកើតមានជាយថាហេតុ មិនអាចទប់ស្កាត់បានទាំងស្រុងឡើយ៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច