ខេត្តត្បូងឃ្មុំ៖ បងប្អូនប្រជាពលរដ្ឋក្នុងមុខរបរដឹកកសិផលដំឡូងមីទៅលក់នៅប្រទេសវៀតណាម ឆ្លងកាត់ច្រកដូង៧ដើម កំពុងរអ៊ូរទាំយ៉ាងខ្លាំងទៅនឹងសកម្មភាពគាបសង្កត់បង្ខំឲ្យបង់ប្រាក់ពីសមត្ថកិច្ចគ្រប់ស្ថាប័ននៅច្រកមួយនេះ ដោយពួកគាត់បញ្ជាក់ថា យ៉ាងតិចក្នុងមួយខែនេះ តម្លៃរាប់ក្បាលឡានដឹកដំឡូងមីឡើងថ្លៃ៣ដង ធ្វើឲ្យពួកគាត់ពិបាក ក្នុងការដឹកជញ្ជូនរកប្រាក់ចំណេញមិនឃើញ ប្រឹងសឹងដាច់ខ្យល់ រកលុយត្រឹមតែចិញ្ចឹមសមត្ថកិច្ចទាំងនោះទៅវិញ?
ពួកគាត់បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចច្រកដូង៧ដើម តម្រូវឲ្យឡើងថ្លៃក្បាលឡានបន្ថែមទៀត ហើយពួកគាត់មិនមានលទ្ធភាពបង់បន្ថែម ដូច្នេះអាចនឹងបង្ខំចិត្តតវ៉ានៅមុខច្រកនេះតែម្តង ដើម្បីឲ្យអាជ្ញាធរខេត្ត ឬស្ថាប័នពាក់ព័ន្ធរកដំណោះស្រាយ ជួយសម្រួលចំពោះសេវាទាំងនេះសម្រាប់ឲ្យពួកគាត់មានឱកាសទទួលបានកម្រៃខ្លះផង សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ។
ពួកគាត់បានបញ្ជាក់យ៉ាងលម្អិតថា សមត្ថកិច្ចទាំងនោះរួមមាន ខាងគយនិងរដ្ឋាករតម្រូវឲ្យបង់ក្នុងមួយឡានចំនួន ២ម៉ឺនរៀល ដោយមិនគិតការដឹកជញ្ជូននោះផ្ទុកដំឡូងមីពេញឡាន ឬពាក់កណ្តាលឡាននោះឡើយ ។ ចំណែកខាងកាំកុងត្រូល ពីមុនយកត្រឹមតែមួយឡាន១ម៉ឺនរៀល ពេលនេះតម្រូវឲ្យបង់ក្នុងមួយឡាន១ម៉ឺន៥ពាន់រៀល ខាងមន្ត្រីសាលាខេត្ត ទាមទារឲ្យបង់ក្នុងមួយឡាន១ម៉ឺនរៀល ហើយនឹងបន្តដាក់តម្លៃលើសនេះបន្ថែម ។ ដោយឡែកនគរបាលអន្តោប្រវេសន៍នៅខាងមុខយក១ម៉ឺន៥ពាន់រៀល នៅខាងក្រោយក៏យក១ម៉ឺន៥ពាន់រៀល និងផ្នែកបេនឡានយក១ម៉ឺន៥ពាន់រៀល ។ ការយកលុយពីក្បាលឡានដឹកដំឡូងមីបានកើតឡើងជាអំពើពុករលួយ បែបលក្ខណៈប្រព័ន្ធ ដែលធ្វើឲ្យពួកគាត់ធុញទ្រាន់ ពិបាកក្នុងការរកស៊ី និយាយរួម ខុសពីសមត្ថកិច្ចភាគីវៀតណាម ដែលក្នុងមួយរថយន្ត គេយកត្រឹមតែ៣ម៉ឺនរៀល ហើយមានតែមួយកន្លែងប៉ុណ្ណោះ ។
ពួកគាត់បានបញ្ជាក់ថា សមត្ថកិច្ចជាច្រើនស្ថាប័ន ជាពិសេសខាងគយ និងរដ្ឋាករច្រកដូង៧ដើមនេះតែម្តង គាបសង្កត់ប្រជាពលរដ្ឋបង្ខំឲ្យបង់លុយតាមទំនើងចិត្ត ដូច្នេះ ទាំងគយ និងសមត្ថកិច្ចនៅទីនោះ តម្រូវឲ្យពួកគាត់បង់ក្នុងមួយក្បាលឡានយ៉ាងតិច១៣ម៉ឺនរៀល ។ ពួកគាត់បានបន្តថា ដំឡូងមីធ្លាក់ថ្លៃ ក្នុងមួយគីឡូក្រាមតម្លៃត្រឹមតែ១៨០រៀលទៅ១៩០រៀលប៉ុណ្ណោះនៅទឹកដីវៀតណាម ផ្ទុយទៅវិញ ទាំងអាជ្ញាធរ ទាំងសមត្ថកិច្ចច្រកដូង៧ដើម មិនបានគិតគូរពីការលើកកម្ពស់ជួយរកទីផ្សារឲ្យប្រជាកសិករប៉ុណ្ណោះទេ បែរជានាំគ្នាគាបសង្កត់ជាន់កពួកគាត់ក្នុងមុខរបរដឹកដំឡូងមីនេះទៅវិញ ដូច្នេះពួកគាត់សំណុំពរឲ្យអាជ្ញាធរខេត្ត និងថ្នាក់លើ មេត្តាពិនិត្យពិចារណា ក៏ដូចជាផ្តល់កម្លាំងចិត្តឲ្យប្រជាកសិករ មានឱកាសរកស៊ីដោយស្របច្បាប់ ហើយបញ្ចៀសឲ្យផុតនូវវប្បធម៌គាបសង្កត់ពីក្រុមអស់លោកទាំងនេះ ។
ពាក់ព័ន្ធទៅនឹងករណីនេះ នគរវត្តមិនអាចសុំការបំភ្លឺបានទេពីលោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ តាមទូរស័ព្ទនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ លោកបញ្ជាក់ថា កំពុងជាប់រវល់ប្រជុំ ។ ដោយឡែកប្រធានការិយាល័យគយ និងរដ្ឋាករច្រកដូង៧ដើម ឬច្រកដា មិនអាចទំនាក់ទំនងបានទេ ដោយទូរស័ព្ទចូល គ្មានអ្នកទទួល ៕ សុខ ខេមរា