ខេត្តបន្ទាយមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ដឹកនាំមន្រ្តីគណៈកម្មាធិការរបស់ក្រសួង រួមនិងអ្នកជំនាញឯកទេសជប៉ុន បានចាប់ផ្តើមចុះត្រួតពិនិត្យស៊ើបអង្កេតចំណុចការដ្ឋានរបស់ក្រុមហ៊ុនផលិតថ្ម លឹម ហេង ភ្នំធំ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យនោះហើយ ក្រោយពីកើតហេតុការណ៍មានកម្មករ៣នាក់បានកំពុងធ្វើការហើយត្រូវបានថ្មភ្នំបាក់សង្កត់លើបណ្តាលឱ្យស្លាប់ និងអេស្កាត២គ្រឿងមានតម្លៃ៣០ម៉ឺនដូល្លារងការខូចខាតទាំងស្រុង កាលពីកន្លងទៅថ្មីៗនេះ ។
ការចុះត្រួតពិនិត្យស៊ើបអង្កេតបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ក្រោមការដឹកនាំដោយលោក ម៉ុក សុភក្រ្តា អគ្គនាយករង នៃនាយកដ្ឋានរ៉ែនិងថាមពល ។ គណៈកម្មការ ក៏បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅចំណុចកើតហេតុ ហើយត្រូវបានមន្រ្តីជាន់ខ្ពស់ ប្រាប់ឱ្យដឹងថា ការធ្វើអាជីវកម្មថ្មភ្នំ របស់ក្រុមហ៊ុនលឹម ហេង មានបញ្ហាប្រឈមគ្រោះថ្នាក់ជាខ្លាំង បើសិន មិនធ្វើការកែតម្រូវបច្ចេកទេសឡើងវិញនោះ ។
ក្រោយចំណាយពេលត្រួតពិនិត្យស៊ើបអង្កេត៣ទៅ៤ម៉ោង របស់មន្រ្តីគណៈកម្មការក្រសួងរ៉ែនិងថាមពល នៅការដ្ឋានក្រុមហ៊ុនផលិតថ្ម លឹម ហេងរួចហើយ លោក ម៉ុក សុភក្រ្តា អគ្គនាយករង នៃនាយកដ្ឋានរ៉ែនិងថាមពល ប្រាប់ឱ្យដឹងថា មូលហេតុដែលបង្កបញ្ហាគ្រោះដល់អាជីវិតកម្មករ មកពីកត្តាចំនួន៣ គឺកត្តា មនុស្ស កត្តាធម្មជាតិ និងបច្ចេកទេស ។
លោកមិនរៀបរាប់លំអិតទៅលើការស៊ើបអង្កេតនោះបានឡើយរងចាំការស្រាវជ្រាវស៊ើបអង្កេតបានចប់សព្វគ្រប់ ហើយ យកលទ្ធផលនៃការស៊ើបអង្កេតទៅវាយតម្លៃនៅក្រសួងរ៉ែ និងថាមពលនោះសិន ទើបលោកហ៊ានអធិប្បាយ ។ ការបាក់ថ្មភ្នំបណ្តាលឱ្យកម្មករ៣នាក់ស្លាប់នោះដែរ ត្រូវបានមន្រ្តីនៃគណៈកម្មាធិការចុះស៊ើបអង្កេតបង្ហើបប្រាប់ថា ថ្មដែលបាក់មកលើកម្មករទាំង៣នាក់ ស្ថិតនៅចំណុចកំពូលភ្នំរវាង ព្រំប្រទល់អាជ្ញាប័ណ្ណក្រុមហ៊ុន លឹម ហេង និងក្រុមហ៊ុន កូណៃ ក្រុមហ៊ុនទាំង២នេះបានធ្វើអាជីវកម្មជីកកកាយលង់យកថ្មម្ខាងភ្នំរៀងៗខ្លួនខិតជិតមកដល់គ្នា ធ្វើឱ្យជញ្ជាំងថ្មភ្នំនៅមានកំរិតកាន់តែរួមតូចមិនអាចទ្រាំទ្រទម្ងន់បាន ខណៈដែលមានភ្លៀងធ្លាក់ជាប់ៗគ្នារហូតដល់៦ទៅ៧ថ្ងៃចុងក្រោយផងនោះទៀត ទើបធ្វើឱ្យថ្មភ្នំចំណុចកើតហេតុ ប្រះផុយជ្រោះទឹកបណ្តាលឱ្យបាក់ថ្មធ្លាក់តែមង ។
មន្រ្តីជំនាញបានឡើងដល់ចំណុចកំពូលភ្នំដែលបាក់ ពិនិត្យឃើញថា នៅចំណុចក្បែរនោះ ក៏ឃើញមានស្នាមប្រះរហែកហើយអាចប្រឈមបន្តបាក់ថ្មធ្លាក់បន្ថែមទៀតផងនោះទៀត ។ សូមបញ្ជាក់ថា ក្រុមហ៊ុន ផលិតថ្ម លឹម ហេង នៅចំណុចភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី បានធ្វើអាជីវកម្មថ្មភ្នំធំអស់រយៈពេល១៦ឆ្នាំមកហើយ ការធ្វើអាជីវកម្មនោះត្រូវបាន ម្ចាស់ក្រុមហ៊ុន លោក លឹម សេង ប្រាប់ឱ្យដឹងថា មិនដែលកើតមានបញ្ហាអ្វីនោះទេ ។
លោកថា ករណីកម្មករស្លាប់ដោយជួបគ្រោះថ្នាក់ថ្មបាក់សង្កត់ លោកក៏មានការសោកស្តាយ ហើយ និងត្រូវធ្វើការសងជម្ងឺចិត្តដល់ក្រុមគ្រួសារជនរងគ្រោះក្រោយពីពិធីបុណ្យសពបានចប់រួចរាល់ ។
ក្រុមហ៊ុន លឹម ហេង ត្រូវបានក្រសួងរ៉ែនិងថាមពល ចេញលិខិតព្យួអាជ្ញាប័ណ្ណ ឱ្យផ្អាកសកម្មភាពធ្វើអាជីវកម្មផលិតថ្មទាំងស្រុងមួយរយៈនោះសិន រងចាំគណៈកម្មការរបស់ក្រសួងធ្វើការស្រាវជ្រាវស៊ើប អង្កេតនិងវាយតម្លៃលទ្ធផលចប់សព្វគ្រប់ ទើបដឹងថា តើឱ្យក្រុមហ៊ុនមួយនេះ ធ្វើអាជីវកម្មឡើងវិញ រឺក៏ត្រូវបិទអាជីវកម្ម ។
សូមរំលឹកថា កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទ១៦ ខែតុលា ឆ្នាំ២០១៦ កម្មករ៤នាក់សុទ្ធតែជាសាច់ញាតិនិងគ្នា ស្លាប់៣នាក់និង ម្នាក់ទៀតរត់គេចពីគ្រោះថ្នាក់ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ មាន២នាក់ជាឪពុក និងកូនបង្កើត និងម្នាក់ទៀតជាបងប្អូនជីដូនមួយ រួមនឹងអេស្កា២គ្រឿង រងការខូចខាតទាំងស្រុង ដោយថ្មភ្នំធំកំពស់ជាច្រើនម៉ែត្របាក់សង្កត់ពីលើជនរងគ្រោះ ខណៈជនរងគ្រោះកំពុងធ្វើការ ។
នៅចំណុចភ្នំធំនោះដែរ មានក្រុមហ៊ុនចំនួន៤ ដែលបានធ្វើអាជីវកម្មជំនួញថ្មភ្នំ រួមមាន ១,ក្រុមហ៊ុនលឹម ហេង ២,ក្រុមហ៊ុនណុប ទូច ៣,ក្រុមហ៊ុន កូ ណៃ និង៤ក្រុមហ៊ុន អ៊ិត លឿ ។
នៅថ្ងៃដដែលនោះ គណៈកម្មការរបស់ក្រសួងរ៉ែ និងថាមពល ក៏បានបន្តចុះទៅត្រួតពិនិត្យការដ្ឋានលិតថ្មក្រុមហ៊ុនចំនួន៣ទៀតនៅចំណុចភ្នំធំ គឺក្រុមហ៊ុនណុប ទូច ក្រុមហ៊ុន កូណៃ និងក្រុមហ៊ុនអ៊ិត លឿ មន្រ្តីជំនាញ ក៏បានពិនិត្យឃើញថា ការធ្វើអាជីវកម្មយកថ្មរបស់ ក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុនណុប ទូចនិង ក្រុមហ៊ុន កូណៃ នៅមានបញ្ហាប្រឈមគ្រោះថ្នាក់ ។ មន្រ្តីជំនាញក៏បានណែនាំឱ្យម្ចាស់ក្រុមហ៊ុនទាំង២នេះ ត្រូវកែសម្រួលបច្ចេកទេសឡើងវិញ បើមិន ដូច្នេះបញ្ហាប្រឈមគ្រោះថ្នាក់នៅតែបន្តកើតមានបន្ថែមទៀត ខណៈដែលគេមើលឃើញថា នៅក្រុមហ៊ុនណុបទូច ថ្មបានបាក់មកជាបន្តបន្ទាប់ បែរជាប្រធានក្រុមហ៊ុនបកស្រាយប្រាប់គណៈកម្មការក្រសួងរ៉ែ និងថាមពលថា ជាកំទេចថ្មហូរធ្លាក់ក្រោយការបោសសំអាតពីលើនោះវិញ ។ ក្រុមហ៊ុនកូណៃ បញ្ហាប្រឈម ដុំធំបណ្តុបនៅផ្នែកខាងលើភ្នំ អាចងាយធ្លាក់មកបង្កគ្រោះថ្នាក់ ។ ក្នុងនោះមន្រ្តីជំនាញបានណែនាំ ឱ្យក្រុមណុបទូច ត្រូវ កែបច្ចេកទេស មិនតម្រូវឱ្យបំផ្ទុះរឺប្រើអេស្កាបកថ្មនៅផ្នែកខាងក្រោមបន្តទៀតឡើយ ហើយត្រូវធ្វើផ្លូវដើម្បីប្រើអេស្កា បកថ្ម រឺក៏បំផ្ទុះ យកថ្មនៅផ្នែកខាងលើភ្នំនោះវិញ ដោយធ្វើតាមតំណាក់កាលនីមួយៗ ចាប់ពីផ្នែកខាងលើរហូតដល់ក្រោម ។
ចំណែកក្រុមហ៊ុន កូណៃ វិញ ត្រូវបានឱ្យកែប្រែបច្ចេកទេស ដោយធ្វើយ៉ាងណាត្រូវស្ទូច រឺបំផ្ទុះដុំថ្មធំនៅផ្នែកខាងលើភ្នំទំលាក់ចុះក្រោមឱ្យអស់ ពីព្រោះដុំថ្មធំៗផ្នែកខាងលើភ្នំវាងាយ និងបាក់ធ្លាក់មកក្រោមជាងបង្កគ្រោះថ្នាក់អាយុជីវិតកម្មករដោយប្រការណាមួយអាចកើតឡើង ៕ សំ វិច្ឆិកា