ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យមានវិបត្តិគ្រួសារ ជិះរ៉ឺម៉កម៉ូតូសុខៗ លោតចុះរត់ចូលរថយន្តបម្រុងសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ មិនដឹងថាមានរឿងអីនោះទេ បានជាស្ត្រីវ័យកណ្ដាលម្នាក់បានហៅរ៉ឺម៉កម៉ូតូជិះពីផ្សារកាណាឌីយ៉ាទៅផ្សារឯករាជ្យ៣ ហើយនៅពេលទៅដល់ទីនោះក៏ឲ្យរ៉ឺម៉កម៉ូតូជិះទៅស្ពានអាកាសស្ទឹងមានជ័យវិញរួចពេលទៅដល់ស្រាប់តែនាងស្រែកយំនិងប៉ុនប៉ុងលោតចូលរថយន្តតែត្រូវអ្នករត់រ៉ឺម៉កម៉ូតូជួយឃាត់ទាន់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រលប់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីព្រលប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២១៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

អ្នករត់រ៉ឺម៉កម៉ូតូដែលដឹកស្រី្តខាងលើបាននិយាយថា មុនពេលកើតហេតុរូបគាត់បានអង្គុយចាំដឹកម៉ូយនៅម្តុំផ្សារកាណាឌីយ៉ា ស្ថិតនៅផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ពេលនោះស្រាប់តែមានស្ត្រីម្នាក់មិនស្គាល់ឈ្មោះខាងលើមានអាយុប្រមាណ៤០ឆ្នាំមានទឹកមុខក្រៀមក្រំ បានហៅគាត់ឲ្យដឹកទៅផ្សារឯករាជ្យ៣ ក្នុងតម្លៃ៥ពាន់រៀល។ ពេលដឹកទៅដល់ផ្សារឯករាជ្យ៣ហើយស្ត្រីរូបនោះបានឲ្យរូបគាត់ឌុបទៅកាន់ស្ពានអាកាសស្ទឹងមានជ័យវិញ ដោយសុខចិត្តបន្ថែមលុយឲ្យ៥ពាន់រៀលទៀត។ លុះពេលគាត់ដឹកទៅជិតដល់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែស្ត្រីខាងលើស្រែកយំហើយបម្រុងលោតពីលើរ៉ឺម៉កម៉ូតូរបស់គាត់ចូលរថយន្តដើម្បីសម្លាប់ខ្លួន ទើបគាត់ ចាប់ហ្វ្រាំងម៉ូតូទាំងបង្ខំ រួចរត់ចុះទៅជួយឃាត់ស្ត្រី រូបនោះកុំឲ្យរត់ចូលរថយន្ត។ ដោយឃើញសភាពបែបមិនស្រួល គាត់បានដឹកស្ត្រីរូបនោះទៅឈប់កន្លែងគោលដៅសមត្ថកិច្ចនគរបាលចរាចរណ៍ ដែលនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ។

អ្នករត់រ៉ឺម៉កម៉ូតូរូបនេះបានបន្តថាពេលនោះទាំងរូបគាត់និងសមត្ថកិច្ចបាននិយាយលួងលោមឲ្យស្ត្រីរូបនោះស្ងប់ស្ងប់អារម្មណ៍និងសួរថា តើបងស្រីមានរឿងអ្វី បានគិតខ្លីយ៉ាងនេះ? តែស្ត្រីរូបនោះមិនបានឆ្លើយនិងនិយាយស្ដីអ្វីទាំងអស់ គិតតែពីយំផងសើចផង ហាក់ដូចជាមនុស្សជាមនុស្សឆ្កួត ។ដោយសារតែឃើញបែបនេះគាត់បានដេញឲ្យស្ត្រីរូបនោះចុះពីលើរ៉ឺម៉កម៉ូតូរបស់គាត់ ខ្លាចមានរឿងមានរ៉ាវនៅតាមផ្លូវ តែពេលនោះស្ត្រីរូបមិនព្រមចុះពីលើរ៉ឺម៉កម៉ូតូទេ ដោយនិយាយថា ឲ្យដឹកគាត់ទៅផ្សារឯករាជ្យ៣វិញ តែគាត់មិនដឹងធ្វើយ៉ាងម៉េច ក៏ទូរស័ព្ទទៅរកមិត្តភក្តិដែលជាអ្នករត់រ៉ឺម៉កម៉ូតូដូចគ្នាឲ្យមកជួយនិយាយលួងលោមស្ត្រីរូបនោះ លុះពេលមិត្តភក្តិអ្នករត់រ៉ឺម៉កម៉ូតូមកដល់បាននិយាយលួងលោម ហើយស្ត្រីរូបបានសន្យាថា បើជូនគាត់ទៅផ្សារឯករាជ្យ៣វិញ គាត់ឈប់លោតចូលរថយន្តទៀតហើយ។ និយាយរួចគាត់សម្រេចចិត្តដឹកស្ត្រីរូបនោះទៅផ្សារឯករាជ្យ៣វិញ ដោយឲ្យមិត្តភក្ដិរបស់គាត់ម្នាក់ទៀតនៅអង្គុយនៅខាងក្រោយជាមួយស្ត្រីរូបនោះ ក្រែងស្ត្រីរូបនោះបង្កបញ្ហាតាមផ្លូវទៀត ជួយចាប់ និងជួយដឹងឮ ខណៈដែលគាត់សង្ស័យថា ស្រី្តរូបនេះអាចមានវិបត្តិគ្រួសារ ទើបមានគំនិតខ្លីចងសម្លាប់ខ្លួនយ៉ាងនេះ ៕ ប្រាថ្នា

 


ចែករំលែក៖