ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក Lexus NX200t ឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនិងឡំប្រឺតា ដែលបើកឆ្លងផ្លូវដូចគ្នាបណ្តាលឲ្យឡំប្រឺតាបន្តទៅបុកទ្វាររបងផ្ទះពលរដ្ឋបន្ថែមបាក់មួយផ្ទាំងរងការខូចខាតនិងបណ្តាលឲ្យភាគីខាងឡំប្រឺតារងរបួសស្រាលចំនួន២នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៩:៥០នាទីយប់ថ្ងៃទី១២ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ១០៥កែងផ្លូវ២៤២ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើកឡំប្រឺតាមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1GS-9413 ធ្វើដំណើរតាមបណ្តោយផ្លូវ២៤២ ទិសដៅពីលិចទៅកើតឆ្លងផ្លូវបំបែកជាបួន ខណៈពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាកLexus NX200t ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BG-7176 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវ១០៥ទិសដៅពីត្បូងទៅជើងឆ្លងផ្លូវដូចគ្នាក្នុងល្បឿនលឿនក៏ជ្រុលទៅបុកឡំប្រឺតាប៉ើងទៅបុកចូលផ្ទះពលរដ្ឋបណ្តាលឲ្យបាក់ទ្វារមួយចំហៀងរងការខូចខាតនិងធ្វើអោយភាគីម្ចាស់ឡំប្រឺតារងរបួសស្រាលចំនួន២នាក់ ចំណែកឯម្ចាស់រថយន្តត្រូវសមត្ថកិច្ចឃាត់នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកឡំប្រឺតានិងរថយន្តទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច