ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី ៖ បច្ចុប្បន្ន ចំនួនអតីតយុទ្ធជន និងនិវត្តជន មានចំនួនសរុប ១៧៧ ២៨១នាក់ ដែលកំពុងទទួលប្រាក់របប សន្តិសុខសង្គមប្រចាំខែពីរដ្ឋ !

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ៖ បច្ចុប្បន្ន ចំនួនអតីតយុទ្ធជន និងនិវត្តជន មានចំនួនសរុប ១៧៧ ២៨១នាក់ ដែលកំពុងទទួលប្រាក់របប សន្តិសុខសង្គមប្រចាំខែពីរដ្ឋក្នុងនោះ អតីតយុទ្ធជនចំនួន ១១៩ ៣២៦នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុក ចំនួន ១៦២ ៣៩៨នាក់ ចំណាយថវិកាចំនួន ៨៨ ៧៦២ ០៦០ ៩១៤រៀល ស្មើនឹង ២២ ១៩០ ៥១៦ដុល្លារអាម៉េរិក (គិតត្រឹមខែធ្នូ ឆ្នាំ២០២៥)។ ចាប់ពីខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែ ជូនគ្រួសាររបស់អតីតយុទ្ធជនពលីនិងមរណៈ និងប្រាក់ឧបត្ថម្ភប្តីឬប្រពន្ធ ពី១៥ ០០០រៀល ទៅ៣០ ០០០រៀល កូនពី១០ ០០០រៀល ទៅ៣០ ០០០រៀល និងឪពុក ម្តាយ ឬអាណាព្យាបាល ពី៨ ០០០រៀល ទៅ៣០ ០០០រៀល ក្នុងម្នាក់។ អតីតមន្ត្រីរាជការស៊ីវិល មានចំនួន ៥៧ ៩៥៥នាក់ និងអ្នកក្នុងបន្ទុកចំនួន ១៥ ៤៧៩នាក់ កំពុងទទួល ប្រាក់របបសន្តិសុខសង្គមពីរដ្ឋ ដោយថវិកាចំណាយសរុបចំនួន ៥៣ ១៧៨ ៥០០ ៧៨៦រៀល ស្មើនឹង ១៣ ២៩៤ ១២៥ដុល្លារអាម៉េរិក (គិតត្រឹមខែធ្នូ ឆ្នាំ២០២៥)។ គិតចាប់ពីខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែអប្បបរមាជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ដែលជាអតីតយុទ្ធជននិងនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈជាអតីតមន្ត្រីរាជការស៊ីវិល ឱ្យដល់៨៤៥ ០០០រៀល ក្នុងមួយខែ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចំនួន ៥០ ០០០រៀល និងពិធីបុណ្យភ្ជុំបិណ្ឌចំនួន ៥០ ០០០រៀល ជូនដល់អតីតមន្ត្រីរាជការស៊ីវិល និងនិវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ គ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន។

សម្តេចធិបតីបន្តថា ៖ ទិន្នន័យអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ព្រមទាំងអ្នកនៅក្នុងបន្ទុក ត្រូវបានធ្វើបច្ចុប្បន្នកម្មនិង គ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា ដើម្បីធានាបាននូវប្រសិទ្ធភាពនិងសុវត្ថិភាពក្នុងការបើករបបសន្តិសុខ សង្គមប្រចាំខែ ដែលកំពុងអនុវត្តជាមួយធនាគារដៃគូនៅទូទាំង២៥ រាជធានី ខេត្ត និងបើកប្រាក់របបសន្តិសុខសង្គម រៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩។ រាជរដ្ឋាភិបាល បានផ្តល់បណ្ណថែទាំសុខភាព ប.ស.ស. ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារជាអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល និងបណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន ដើម្បីទៅព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួ ប.ស.ស. ដោយមិនបង់ប្រាក់។

គិតចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៥ តាមរយៈព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសប្បុរសជននានា បានសាងសង់ (១)- ផ្ទះសរុបបានចំនួនប្រមាណ ៧ ៥០០ខ្នងផ្ទះ ដែលក្នុងនោះមានការសាងសង់នៅលើទីតាំងដីលំនៅឋាន ផ្ទាល់ខ្លួនតាមបណ្តារាជធានី ខេត្ត និងសាងសង់នៅលើដីសម្បទានសង្គមកិច្ចចំនួន១៤ខេត្ត រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង (២) – សាលារៀនចំនួន១ខ្នង មាន៦បន្ទប់ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ និង (៣)- សាលារៀនចំនួន១ខ្នង មាន១២បន្ទប់ អគារទីចាត់ការចំនួន១ខ្នង អគារស្នាក់នៅគ្រូចំនួន១ខ្នង មាន២០បន្ទប់ អគារជំងឺទូទៅចំនួន១ខ្នង មាន១៦បន្ទប់ អគារវះកាត់ចំនួន១ខ្នង មាន៩បន្ទប់ និងអគារស្នាក់នៅពេទ្យចំនួន១ខ្នង មាន២០បន្ទប់ នៅភូមិប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយឹង៕ 

ដោយ ៖ សិលា


ចែករំលែក៖