ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ក្រោយពីលួចរថយន្តកាមរីស្វិត១គ្រឿង របស់ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង អស់រយៈពេល៤ថ្ងៃរួចហើយ ត្រូវបាននគរបាលក្រុងបាត់ដំបងរកឃើញ ចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យបម្រុងរំដោះយករថយន្ត ដែលលួចបាននោះទៅលក់ ។
នគរបាលឃាត់ខ្លួនជនស្ស័យ ធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងប្រាប់ឱ្យដឹងថា ជនសង្ស័យរងការចាប់ខ្លួនមានឈ្មោះ រ៉េម សាវុធ ហៅផា ភេទប្រុស អាយុ៣១ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ ចំណែកម្ចាស់រថយន្តមានឈ្មោះ ម៉ៅ ធីតា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ រថយន្តកាមរី ស៊េរីឆ្នាំ១៩៩៣ គូថស្វិត ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ កណ្តាល ២A ២៥១៩ ។
លោកអធិការនគរបាលក្រុងបាត់ដំបង ប្រាប់ឱ្យដឹងទៀតថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ រថយន្តខាងលើ ត្រូវបានម្ចាស់ដាក់ចោលនៅខាងមុខផ្ទះ ដោយមិនបានចាក់ឡុកសោនោះទេ ។
លុះបន្ទាប់មកជនសង្ស័យក៏បានយកសោចាក់លួចចេញយកទៅបាត់ ខណៈដែលម្ចាស់រថយន្តមិននៅផ្ទះ ។ ក្រោយពីបាត់រថយន្ត ម្ចាស់ក៏បានមកដាក់ពាក្យប្តឹងនៅអធិការដ្ឋានក្រុងបាត់ដំបង ។ ដោយឡែកនៅថ្ងៃទី១៩ ខែតុលា ជនសង្ស័យបានយករថយន្ត ដែលលាក់ទុកនៅស្រុកបាណន់ បម្រុងយកទៅលក់នៅកន្លែងផ្សេង ។ នៅពេលរថយន្ត បើកចេញពីផ្ទះជនសង្ស័យ ស្រាប់រថយន្តអស់សាំង ចតនៅក្បែរចិញ្ចើមផ្លូវ ហើយត្រូវបានបងប្អូនម្ចាស់រថយន្តឃើញ ក៏រាយការណ៍មកសមត្ថកិច្ច ។ សមត្ថកិច្ចក៏បានចេញកម្លាំងចុះទៅសហការ និងនគរបាលប៉ុស្ថិ៍ឃុំតាក្រៀម ស្រុកបាណន់ ហើយឃាត់ខ្លួនជនសង្ស័យ ជាមួយរថយន្ត នាំយកមកអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីយកមកសាកសួរចាត់ចែងតាមនីតិវិធីច្បាប់ ។
លោកអធិការក្រុងបាត់ដំបងប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យឆ្លើយសារភាពថា រថយន្តនោះគេប៉ងលួច២ទៅ៣ថ្ងៃមកហើយ ។ លុះនៅថ្ងៃខាងលើ ម្ចាស់មិននៅផ្ទះ ឃើញឱកាសល្អ គេក៏ លួចយករថយន្តទៅបានសម្រេចតែម្តង ។
ជនសង្ស័យក្រោយពីកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋានក្រុងបាត់ដំបងសាកសួរតាមនីតិវីធីរួចហើយ នៅព្រឹកថ្ងៃទី២០ ខែតុលា ត្រូវបាន ចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕ សំវិច្ឆិកា