ព័ត៌មានទាន់ហេតុការណ៍៖

រឿងចម្លែក! ថាឧបាសកទៅមានផ្ទះជួល សូម្បីលោកសង្ឃក៏មានផ្ទះជួលដែរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រឿងចម្លែកមួយកំពុងតែល្បីនៅខេត្តបន្ទាយមានជ័យធ្វើឲ្យឧបាសក ឧបាសិកានិងពលរដ្ឋក្នុងសង្គមfacebook វែកញែករឿងលោកសង្ឃមានផ្ទះជួលមួយល្វែងដ៏ស្កឹមស្កៃជារបស់ព្រះភិក្ខុនាម គាត សីហា មានជន្មាយុ៣៧វស្សា បច្ចុប្បន្នព្រះអង្គគ្រូគង់ក្នុងពុទ្ធសីមាវត្តរតនារាមផ្សារកណ្តាល ស្ថិតក្នុងភូមិនិងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ 

យោងតាមប្រភពត័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងចម្រុះដឹកនាំដោយអគ្គស្នងការរងនគរបាលជាតិបានចុះបង្ក្រាបក្រុមជនបរទេសស្គែមឆបោកប្រមាណជា១៣០នាក់ដែលស្នាក់នៅផ្ទះមួយកន្លែងស្ថិតក្នុង ភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយសមត្ថកិច្ចធ្វើការឡោមព័ទ្ធបានស្វែងរកម្ចាស់ផ្ទះឲ្យមកចូលរួមមើលសកម្មភាពអាជ្ញាធរចុះបោសសម្អាត Scams Online ប៉ុន្តែបែរម្ចាស់ផ្ទះនោះជាភិក្ខុសង្ឃព្រះនាម គាត សីហា ហៅ គឹម សុខជា ធ្វើឲ្យមហាជនក៏ដូចជាសមត្ថកិច្ចនៅក្នុងរង្វង់ប្រតិបត្តិការនោះ នាំគ្នាស្រឡាំងកាំងខណ: បានឃើញភិក្ខុសង្ឃនៅកម្ពុជាសម័យAI មានផ្ទះសម្រាប់ដាក់ជួលឲ្យជនបរទេសក្នុងតម្លៃពាន់ៗដុល្លារបែបនេះ ។ សមត្ថកិច្ចម្នាក់បានខ្សឹបខ្សៀវថា ខ្ញុំធ្វើការបម្រើរាជការជិតចូលនិវត្តន៍ទោវិញហើយ មិនមានប្រាក់សង់ផ្ទះល្អនៅដូចព្រះតេជគុណអង្កនេះនៅឡើយទេ។ ព្រះតេជគុណខ្លាំងហើយសុំសរសើរដោយស្មោះ មានលុយទិញដីនិងសង់ផ្ទះថ្មីសន្លាងចំនួន១០បន្ទប់បំពាក់សុទ្ធតែម៉ាស៊ីនត្រជាក់ទៀតផង ។ 

បើទោះជាបែបនេះក្តី ព្រះគ្រូសិរីរក្ខិតវង្ស តែម ម៉ាច ព្រះចៅអធិការវត្តរតនារាម ផ្សារកណ្តាល ព្រះអង្គបានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា រឿង ភិក្ខុ គាត សីហា ហៅ គឹម សុខជា មានផ្ទះសម្បែងនោះ អាត្មាអត់បានដឹងទេ ។

គិតត្រឹមម៉ោងនេះព្រះភិក្ខុ គាត សីហា ដែលរងការរិះគន់ពីមហាជនថាព្រះអង្គបានសង់ផ្ទះដើម្បីធ្វើអាជីវកម្មនោះក៏មិនទាន់មានប្រភពដើម្បីឲ្យព្រះអង្គ បកស្រាយបាននៅឡើយដែរ ជុំវិញមូលហេតុដែលព្រះអង្គសង់បន្ទប់ដើម្បីធ្វើអាជីវកម្មជួលនោះ ។

ចំណែកប្រជាពុទ្ធបរិស័ទហាក់អស់ជំនឿលើបុគ្គលអ្នកបួសដែលបានសន្សំលុយសង់ផ្ទះធ្វើអាជីវកម្មបែបនេះ។ ពួកគេបន្តថា អ្នកបួសមានសិទ្ធិសន្សំលុយកាក់បាន តែចាំសឹកសិន(ចាកសិក្ខាបទ)ហើយចាំទិញផ្ទះសម្បែង គ្មានអ្នកណាគេរិះគន់អ្វីទេ តែនេះលោកសង្ឃសោះធ្វើអាជីវកម្មប្រណាំងប្រជែងជាមួយពួក ឧបាសក-ឧបាសិកា ពិតជាមិនត្រឹមត្រូវទេ ។ ពួកគេថាបើអ្នកបួសចង់រកស៊ីណាស់គួរតែលាចាកសិក្ខាបទសិនទៅ គ្មានអ្នកណាគេទើសទាល់ទេ ។ ប្រជាពុទ្ធបរិស័ទដដែលបានបន្តរិះគន់ទៀតថា ករណីនេះបើមន្ត្រីសង្ឃខ្វះឆន្ទៈលើបញ្ហានេះ អ្នកបួសឯទៀតៗ មុខជានាំគ្នាធ្វើតាមភិក្ខុខាងលើជាមិនខាន។ពួកគេសង្ឃឹមថា មន្ត្រីសង្ឃនិងព្រះចៅអធិការវត្តផងគប្បីពិចារណាលើរឿងនេះ ឲ្យបានល្អិតល្អន់ដើម្បីចៀសវាងធ្វើឲ្យពុទ្ធបរិស័ទធ្លាក់ជំនឿលើព្រះពុទ្ធសាសនាទៅថ្ងៃមុខ ។

លោកវរសេនីយ៏ទោ រ៉េន សុភ័ក្ត អធិការរងទួលផែនព្រហ្មទណ្ឌកម្រិតស្រាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងម្សិលមិញថា អាជ្ញាធរបានឲ្យភិក្ខុអង្គនោះនិមន្តទៅគង់នៅវត្តរតនារាមវិញហើយ ហើយក៏មិនបានឃុំព្រះកាយព្រះអង្គដែរព្រោះលោកជាសង្ឃ ។ 

ចំណែក ព្រះអនុគណក្រុងប៉ោយប៉ែត ភិក្ខុ បោ៉ សុខឿន បានមានថេរដីកាថា អាត្មាពិតជាហួសចិត្តត្បិតថារឿងបែបនេះ ក៏អ្នកបួសយើងធ្វើទៅរួចដែរ។ ព្រះអង្គបន្តថា វាខុសធ្ងន់ណាស់ គ្មានអ្នកបួសឯណាគេធ្វើបែបនេះឡើយ អ្នកបួសឯណាធ្វើអាជីវកម្មដូចឧបាសកនោះ ?  បញ្ហានេះព្រះអង្គថា ចាំមើល ព្រះចៅអធិការគេមានវិធានការបែបណា លើភិក្ខុដែលគង់ក្នុងអារាមដែលខ្លួនគ្រប់គ្រងនោះ ។

ជាមួយគ្នានេះ ព្រះអនុគណក្រុងប៉ោយប៉ែតថានេះជារឿងថ្មីមួយទៀតហើយសម្រាប់សង្គមសង្ឃនៅក្នុងក្រុងប៉ោយប៉ែតយើងនេះ តទៅមុខព្រះអង្គនឹងមានផែនការកោះប្រជុំព្រះមន្ត្រីសង្ឃលើបញ្ហាប្រឈមនេះ បើពុំនោះទេ សាសនាព្រះពុទ្ធយើងមុខជា ដើរថយក្រោយហើយ បើនៅតែយ៉ាងនេះ ៕ ដោយ៖ វណ្ណា


ចែករំលែក៖