ខេត្តពោធិ៍សាត់ ៖ ស្អាតប្រើសញី១ក្បាល ត្រូវក្រុមជនអគតិក្រុមស្រែកបង្អៅឆ្កែឲ្យដេញខាំរហូតសត្វប្រើសនោះរត់បុករបងលួសបន្លាបណ្ដាលឲ្យងាប់។ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលដែលព្រួតគ្នាធ្វើបាបសត្វប្រើសញី មានផ្ទៃពោះរហូតដល់ងាប់។
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រកាសនាព្រឹកថ្ងៃទី១៩ ខែឧសភានេះថា រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃមន្ទីរបរិស្ថានពោធិ៍សាត់ មានក្តីរំជួលចិត្ត និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលព័ត៌មានស្តីពីករណីសត្វប្រើសញីមានផ្ទៃពោះ ១ក្បាល ទម្ងន់១១០គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ហើយត្រូវបានបុគ្គលអគតិមួយចំនួនព្រួតដៃគ្នាវាយ និងបង្អៅឆ្កែដេញ បណ្តាលឱ្យសត្វព្រៃផ្អើលរត់បុករបងលួសមុតសាច់ និងត្រូវបានឆ្កែខាំរហូតដល់ងាប់ក្នុងចម្ការដំឡូងមី ។
សកម្មភាពអមនុស្សធម៌នេះ មិនត្រឹមតែជាការបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិ និងសត្វព្រៃ សត្វប្រើស ស្ថិតប្រភេទងាយរងគ្រោះក្នុងបញ្ជី IUCN Red List ប៉ុណ្ណោះទេ ប៉ុន្តែវាជាអំពើខុសច្បាប់ក្នុងក្រមបរិស្ថានយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពេលកើតហេតុភ្លាមៗ មន្ត្រីឧទ្យានុរក្សនៃដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះអន្តរាគមន៍ រាយការណ៍ជូនលោកប្រធានមន្ទីរ និងស្នើសុំគោលការណ៍ពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឱ្យនិមន្តព្រះសង្ឃ ដើម្បីធ្វើកិច្ចបង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធសត្វប្រើសញី និងកូនក្នុងផ្ទៃដ៏កម្សត់នោះ ស្ថិតនៅវត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឱ្យបានសមរម្យផងដែរ ។
មន្ទីរបរិស្ថាន និងអាជ្ញាធរ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់ក្រុមបុគ្គលអគតិខាងលើ! បច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
អាជ្ញាធរនិងមន្ទីរជំនាញ សូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងករណីប្រទះឃើញមានសត្វព្រៃវង្វេងចូលក្នុងភូមិឋាន សូមមេត្តាចូលរួមការពារថែរក្សានិងរាយការណ៍ជាបន្ទាន់មកមន្ត្រីបរិស្ថាន ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីសង្គ្រោះពួកវាឱ្យបានទាន់ពេលវេលា ជៀសវាងការបង្ករបួសស្នាម ឬសម្លាប់សត្វព្រៃដោយអចេតនា និងចេតនា៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច