ខេត្តព្រះសីហនុ ៖ ផ្ទៃដីក្នុងតំបន់ការពារដោយអនុក្រឹត្យលេខ៧៦ក្បាលឆាយទំហំជាង៥ពាន់ហិកតា ដែលស្ថិតក្នុងសង្កាត់ លេខ១ ក្រុងព្រះសីហនុ ពេលនេះកំពុងត្រូវបានប្រជាពលរដ្ឋដណ្តើមគ្នាធ្វើជាកម្មសិទ្ធិ រហូតមានការប្ដឹងផ្ដល់គ្នាឡើងទៅតុលាការទៀតផង រីឯអាជ្ញាធរហាក់ធ្វើមិនដឹង ។
ប្រជាពលរដ្ឋយ៉ាងហោចណាស់៤៨ គ្រួសារដែលអះអាងថា បានមករស់នៅ លើផ្ទះដីខាងលើក្រោយការចេញអនុក្រឹត្យ២ឆ្នាំ គឺកាលពីឆ្នាំ២០០៤នោះ បានឲ្យដឹង ថា មានតំណាងរបស់អ្នកស្រី សោម សាវី ដែលស្លាប់ហើយនោះ ៥-៦នាក់ បានមក បណ្ដេញ និងប្ដឹងពួកគាត់ឡើងតុលាការ ដោយគេថា មានបណ្ណកម្មសិទ្ធិ ហើយ កាលពីពេលថ្មីៗនេះ មានឈ្មោះ ម៉ម សំអឿន ហៅចាន់ ដែលក៏អះអាងថា ជាតំណាងរបស់សពអ្នកស្រី សោម សាវី ដែរ ក៏បានដាក់ពាក្យប្ដឹងប្រឆាំងពួកគាត់ ហើយអ្នកភូមិ៣នាក់ ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺ ។
ក្រុមអ្នកភូមិបានទទួលស្គាល់ថា ពួក គាត់ពិតជាបានរស់នៅលើដីរដ្ឋដែលមិនមែននៅលើដីបុគ្គលណាទេ។ ដូច្នេះគួរតែ រដ្ឋជាអ្នកប្ដឹងពួកគាត់។ ប្រជាពលរដ្ឋមានទំនាស់បានទាមទារឲ្យអាជ្ញាធរ និងមន្ទីរ ជំនាញចុះមកវាស់វែងឲ្យបានច្បាស់ លាស់ ។
លោក ម៉ម សំអឿន ហៅចាន់ ដែលរង ការចោទប្រកាន់ថា បានដាក់ពាក្យប្ដឹង ប្រជាពលរដ្ឋនោះបានប្រាប់ថា លោកពិត ជាអ្នកតំណាងឲ្យអ្នកស្រី សោម សាវី ដែលបានដាក់ពាក្យប្ដឹងប្រជាពលរដ្ឋទាំងនោះ ប៉ុន្តែលោកពុំបានដឹងថាមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារ ហើយផ្ទៃដីទំនាស់នោះមាន ទំហំប៉ុន្មានទេ ព្រោះលោកពុំមានឯកសារ អ្វីទាំងអស់គ្រាន់តែដឹងថា ដីក្នុងរបងរបស់ លោក ស្រី សោម សាវី បានលក់ឲ្យទៅលោក ស្បោង សារ៉ាត់ អតីតអភិបាលខេត្តអស់ មួយចំនួនហើយ ត្រង់លក់ចំនួនប៉ុន្មាន នៅសល់ប៉ុន្មាន មានជម្លោះជាមួយប្រជា ពលរដ្ឋប៉ុន្មានលោកពុំដឹងទេ ៕ ឆ្លាមសមុទ្រ