ព័ត៌មានទាន់ហេតុការណ៍៖

សិស្សស្រី៣នាក់ទៅរៀនគួរ បាត់ខ្លួន៣ថ្ងៃមិនទាន់រកឃើញ

ចែករំលែក៖

ខេត្តកំពង់ចាម៖ កម្លាំងជំនាញនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងនគរបាលគ្រប់ប៉ុស្តិ៍រដ្ឋបាលទូទាំងខេត្តបាននិងកំពុងញាប់ដៃញាប់ជើង ស្រាវជ្រាវរកក្រមុំជនបទជាសិស្សសាលា៣នាក់ ដែលបានបាត់ខ្លួន នៅគ្រាដែលពួកនាងជិះកង់ចេញពីផ្ទះទៅរៀនគួរជាមួយគ្នា ។

លោកវរសេនីយ៍ឯក ចាន់ ហោ អនុប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាមបានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកំពង់ចាម បានទទួលពាក្យបណ្តឹងពីអាណាព្យាបាលចំនួន៣រូប ដែលបានប្តឹងពីការបាត់ខ្លួនកូនស្រីរបស់ពួកគាត់៣នាក់ ក្នុងពេលដែលពួកនាងជិះកង់ចេញពីផ្ទះទៅរៀនគួរ ហើយមិនឃើញត្រឡប់មកផ្ទះវិញ ។

យោងតាមបណ្តឹងបានឲ្យដឹងថា នៅរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ មានក្មេងស្រី៣នាក់ បាននាំគ្នាជិះកង់ចេញពីផ្ទះទៅរៀនគួរ ។ ក្មេងស្រីទាំង៣នាក់នោះឈ្មោះ ១ ខូយ គឹមឡាង អាយុ១៥ឆ្នាំ, ទី២ ផុន ភត្រ្តា អាយុ១៤ឆ្នាំ និង សេន សូនីតា អាយុ១៣ឆ្នាំ ។ ក្មេងស្រីទាំង៣មានទីលំនៅភូមិកោះកុក«ក» ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ប្រភពពីអ្នកភូមិបានឲ្យដឹងថា សិស្សស្រីទាំង៣នាក់បាននាំគ្នាជិះកង់ពីផ្ទះមករៀនគួរភាសាអង់គ្លេសនៅភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ នៅវេលាម៉ោង១៧ថ្ងៃដដែល អាណាព្យាបាលរបស់ពួកគេបានទន្ទឹងមើលផ្លូវរហូតដល់ព្រលប់ មិនឃើញត្រឡប់មកផ្ទះក៏ផ្អើលឆោឡោ នាំគ្នាដើររកតែរកមិនឃើញពួកនាង ទើបមកប្តឹងនគរបាលឲ្យជួយអន្តរាគមន៍ ។

លោកចាន់ ហោ បានឲ្យដឹងថា តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ក្មេងស្រីទាំង៣នាក់បាននាំគ្នាឡើងជិះម៉ូតូជាមួយមិត្តភក្តិប្រុស២នាក់ ក្នុងនោះមានម៉ូតូស្គូពី១គ្រឿង និងម៉ូតូសេ១២៥មួយគ្រឿង ចេញពីកន្លែងរៀនគួរដោយទុកកង់របស់ពួកនាងនៅទីនោះ ។

ការបាត់ខ្លួនក្មេងស្រីទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ច និងអាណាព្យាបាលសន្និដ្ឋានថា ពួកនាងចាញ់ឧបាយកលមិត្តប្រុសលួងលោមអូសទាញនាំនាងដើរលេង ហើយអាចនៅកន្លែងឆ្ងាយមិនទាន់ហ៊ានត្រឡប់មកផ្ទះវិញ ៕ នួន នរិន្ទ្រន៍

img-20161020-wa0002 img-20161020-wa0001


ចែករំលែក៖