ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី «រត់ដោយបេះដូង – Run by Heart» លើកទី៣ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ តំណាងស្ថានទូតអូស្ត្រាលី ជប៉ុន និងឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងថ្នាក់ដឹកនាំក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ៍ (Dai-Ichi Life Insurance) ព្រមទាំមាតាបិតាអាណាព្យាបាល និងប្អូនៗកុមារ សរុបប្រមាណ ៣៨៦នាក់។
ជាកិច្ចចាប់ផ្តើម លោក អ៊ួន បឋម (សាយ) បានសម្តែងនូវសេចក្តីសោមន្សរីករាយ និងការគោរពស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ានី ដែលតែងតែផ្តល់ការគាំទ្រ យកចិត្តទុកដាក់ និងជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ធ្វើឱ្យយុទ្ធនាការដ៏មានន័យមួយនេះអាចដំណើរការទៅមុខបានយ៉ាងរលូនរហូតមកដល់ឆ្នាំទី៣ នេះ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ៍ (Dai-Ichi Life Insurance) ដែលបានបន្តសហការ និងឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធី តាំងពីដើមរៀងមក។
ថ្លែងក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ លោក អ៊ួន បឋម (សាយ) និងក្រុមការងារដែលតែងតែរៀបចំកម្មវិធីល្អៗសម្រាប់សង្គមជាតិ។ ទន្ទឹមនឹងនេះ លោក ក៏បានលើកទឹកចិត្តទៅកាន់ក្មួយៗ ដែលមានពិការភាព កុំឱ្យមានការបាក់ទឹកចិត្ត ឬអស់សង្ឃឹមក្នុងជីវិតឡើយ។ លោកបានបន្តថា ពិការភាពមិនមែនជាឧបសគ្គរារាំងដល់ការកសាងសមត្ថភាព ឬការសម្រេចជោគជ័យក្នុងជីវិតនោះទេ ដូចនេះក្មួយៗត្រូវតែបន្តមានក្តីសង្ឃឹម ជឿជាក់លើខ្លួនឯង និងខិតខំប្រឹងប្រែងដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ក្មួយៗ និងគ្រួសារ។
សូមជម្រាបជូនថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបន្តរៃអង្គាសថវិកា ក៏ដូចជាលើកទឹកចិត្ត និងបំផុសស្មារតីឱ្យមហាជនបង្កើនការយល់ដឹង និងយកចិត្តទុកដាក់អំពីកុមារអូទីសឹម៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច