ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង និងសហការី នាំយកចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: ដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា នាថ្ងៃ អាទិត្យ ទី ៣១ ខែ ឧសភា ឆ្នាំ ២០២៦ ក្រុមការងារសាខា អនុសាខា ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា និសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ ១ គ្រួសារ ដែលរងគ្រោះកាលពី យប់ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៦ បណ្តាលឱ្យខូចខាតផ្ទះលក់គ្រឿងអេឡិចត្រូនិច របស់ឈ្មោះ ប្រាក់ រ័ត្នមុន្នី នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

ក្នុងឱកាសនោះលោកស្រី ដួង វណ្ណា បាននាំមកនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ។ 

ជាមួយគ្នានេះ លោកស្រី បានលើកទឹកចិត្តសូមកុំអស់សង្ឃឹម ហើយប្រឹងប្រែងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ។

-អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៥០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កៅស៊ូតង់ ១ ឆ្នាំងបាយ-សម្លរ ២ កន្ទេលបត់ ១ មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ១ លានរៀល ថវិការបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  ១ លានរៀល 


ចែករំលែក៖