ភ្នំពេញ ៖ បង្គោលភ្លើងថ្ម២ដើម បានបាក់រាបដល់ដី និងបង្គោលភ្លើងដែកមួយដើមទៀតបានទ្រេតផងដែរ បន្ទាប់ពីរថយន្តដឹកដែក១គ្រឿងខ្ពស់ពេក បណ្តាលឲ្យទាក់នឹងខ្សែភ្លើង បាក់ជាបន្តបន្ទាប់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ។ ប៉ុន្តែសំណាងល្អ មិនបង្កឲ្យផ្ទុះសេឆេះឬឆក់នោះទេ ក្រោយកើតហេតុអ្នកបើកបររថយន្តបានគេចខ្លួនបាត់ស្រមោលតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១៥ ក្នុងសង្កាត់បឹកកក់២ ខណ្ឌទួលគោក ។
សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក យ៉ាន់ដាយ ពណ៌ស្វាយ ពាក់ស្លាកលេខ ភ្នំពេញ៣C-៣៥៨៨ បើកបរដោយបុរសម្នាក់បានដឹកដែកពេញរថយន្ត ហើយកម្ពស់ដែកដែលដឹកនោះខ្ពស់ថែមទៀត ដោយបានបើកតាមបណ្តោយផ្លូវលេខ ៣១៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តនេះ បានបើកទៅទាក់ និងខ្សែភ្លើងកាត់ទទឹងផ្លូវ បណ្តាលឲ្យដាច់រប៉ាត់រប៉ាយពេញផ្លូវ និងធ្វើឲ្យបង្គោលភ្លើងថ្មបាក់២ដើម និងបង្គោលភ្លើងដែកទ្រេតមួយដើម ។
ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យនណារម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ភ្លាមៗនោះ រថយន្តបង្កបានព្យាយាមបើកគេច បានប្រហែលជា១០០ម៉ែត្រ ទើបអ្នកបើកបររថយន្តនោះសម្រេចចិត្ត ទុករថយន្តចោល ហើយរត់គេចខ្លួនទៅបាត់ស្រមោល ។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌទួលគោក បានចុះមកដល់ចំណុចកើតហេតុភ្លាម ៗ ក្រោមការសហការជាមួយសមត្ថកិច្ចចរាចរណ៍នៃការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំយករថយន្តបង្កនេះទៅរក្សាទុក ការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ស តារា