ខេត្តបាត់ដំបង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសេសសល់ពីសម័យសង្គ្រាម ប្រភេទកាំភ្លើងត្បាលធុន៨០ម.ម ចំនួន០៥គ្រាប់ ត្រូវបានប្រជាកសិករប្រទះឃើញនៅក្នុងគល់ឈើដ៏ធំមួយ ដែលពុកផុយហើយដួលរលំ កាលពីព្រឹកថ្ងៃទី០៧ មិថុនា នៅខាងក្រោយ ភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ប្រជាពលរដ្ឋឈ្មោះ យី រ៉ន ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ជាអ្នកប្រទះឃើញគ្រាប់កាំភ្លើងត្បាលនោះ ។ គាត់បានផ្ដល់ព័ត៌មាននេះភ្លាមៗទៅកាន់មន្ត្រីមូលដ្ឋាន ដើម្បីសុំជួយអន្តរាគមន៍ចុះពិនិត្យ ។ បើតាមការពិនិត្យជាក់ស្ដែង គ្រាប់យុទ្ធភ័ណ្ឌទាំងនោះ ទំនងត្រូវបានគេយកទៅរក្សាទុកក្នុងរន្ធឈើដ៏ធំនោះ តាំងពីអំឡុងសម័យសង្គ្រាម ទើបពុំមានអ្នកឃើញ លុះដើមឈើនោះដួលរលំ ដោយសារពុកផុយ ទើបគាត់ដើរទៅឃើញ ។
កសិកររូបនោះបានប្រាប់សមត្ថកិច្ចថា គល់ឈើដែលមានគេលាក់គ្រាប់នោះ នៅខាងក្រោយផ្ទះគាត់ តែគាត់មិនធ្លាប់ឃើញទេ លុះដើមឈើដួលរលំ ទើបគេដើរទៅឃើញគ្រាប់កាំភ្លើងធំទាំង០៥គ្រាប់នោះពួននៅក្នុងរន្ធឈើ (ក្នុងគល់ឈើ) តែគាត់មិនស្គាល់ប្រភេទគ្រាប់នោះទេ ។ ប៉ុន្តែសមត្ថកិច្ចបានប្រាប់ថា វាជាគ្រាប់កាំភ្លើងត្បាល់ធុន៨០ម.ម ។
អធិការស្រុកភ្នំព្រឹក លោក សំ វីរៈ ប្រាប់ថា ក្រោយពីមន្ត្រីមូលដ្ឋានរបស់លោកទទួលបានព័ត៌មាននេះពីប្រជាពលរដ្ឋខាងលើ និងក្រោយពីបានចុះពិនិត្យផ្ទាល់ លោកក៏បានរាយការណ៍បន្តទៅកាន់មន្ត្រីស៊ីម៉ាក់ ដើម្បីជួយអន្តរាគមន៍ចុះពិនិត្យ និងប្រមូលយកគ្រាប់ទាំង នោះ ។
គ្រាប់កាំភ្លើងត្បាល់ទាំងនោះ ជាកាកសំណល់ពីសម័យសង្ក្រាម ដែលគេយកទៅទុកក្នុងប្រហោងគល់ឈើ លុះដើមឈើពុកផុយ ដួលរលំទើបអ្នកភូមិប្រទះឃើញ ។ ប៉ុន្តែយ៉ាងណា ពេលនេះ កម្លាំងអង្គភាពកំចាត់មីនស៊ីម៉ាក់ បានប្រមូលយកគ្រាប់យុទ្ធភ័ណ្ឌទាំងនោះចេញពីទីតាំងខាងលើអស់ហើយ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច