ភ្នំពេញ÷បុរសជនជាតិចិនម្នាក់ដែលមានត្រាហាមឃាត់ចូលកម្ពុជាព្រោះតែធ្លាប់ប្រព្រឹត្តអំពើឧក្រិដ្ឋ បង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធខុសច្បាប់ តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ។
សមត្ថកិច្ចគួរបើកការស្រាវជ្រាវឲ្យដល់ឬសគល់ ដើម្បីរកឲ្យឃើញតើនរណាខ្លះពាក់ព័ន្ធ ដែលគប់គិតជាមួយឧក្រិដ្ឋជនម្នាក់នេះអាចចូលមកខ្មែរបាន។
សូមបញ្ជាក់ថា កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបក្រុមអង្គការចាត់តាំងរៀបចំគម្រោងចាប់ជំរិត និងជាមុខសញ្ញាហាមឃាត់ចូលប្រទេសកម្ពុជា នៅចំណុចផ្ទះលេខ MH១១០ ផ្លូវលេខ៣A ភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងចំណោមក្រុមជនល្មើសទាំង៤នាក់ មានឧក្រិដ្ឋជនម្នាក់ឈ្មោះ WENG SHENG FENG អាយុ៤៣ឆ្នាំ (លិខិតឆ្លងដែនលេខ EP8477264 មានត្រាហាមចូលប្រទេសកម្ពុជា) ជាមុខសញ្ញាចាស់ជាប់ពន្ធនាគាររយៈពេល១៥ខែ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពីបទបង្ខាំងមនុស្សដោយខុសច្បាប់ធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ប្រើប្រាស់អាវុធខ្លីវាយជនរងគ្រោះរបួសធ្ងន់ និងជំរិតទារប្រាក់)។
ក្រោយពេលអនុវត្តទោស១៥ខែ ជននេះត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា លុះដល់អំឡុងដើមខែឧសភា ឆ្នាំ២០២៦ បានលួចឆ្លងដែនតាមប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែង (ចំណាយអស់១,២០០ដុល្លារអាមេរិក) រួចមកស្នាក់នៅទីតាំងខាងលើ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច