ខេត្តបន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខរដ្ឋស្តីទី នឹងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រី ដែល ពាក់ព័ន្ធការនាំសាច់បង្កកទាំងនេះចូលមកកម្ពុជា! មើលទៅមន្រ្តីដែលគប់គិតចាប់ផ្តើមដេកអត់លក់ហើយ!
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសចាត់វិធានការលើក្រុម ឈ្មួញនាំសាច់បង្កកពីប្រទេសថៃ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការមិនត្រឹម អ្នកនាំចូលនោះទេ គឺសម្តេច នឹងចាត់វិធានការចំពោះមន្ត្រីដែលបានគប់គិតជាមួយឈ្មួញដែលនាំសាច់បង្កកទាំងនេះចូលមកកម្ពុជា។
សម្តេចតេជោថែមទាំងបញ្ជាក់ទៀតថា សម្តេចនឹងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធការនាំសាច់បង្កកទាំងនេះចូលមកកម្ពុជា។
សម្តេចតេជោបានបញ្ជាក់បែបនេះ ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ។
សម្តេចតេជោ ថែមទាំងបញ្ជាក់ទៀតថា សម្តេចនឹងតាមរកមុខរាល់ឈ្មួញដែលនាំទំនិញពីប្រទេសថៃ។ សម្តេចតេជោបានចាត់ទុកវិធានការនេះ ជាការឆ្លើយតបនឹងវិធានការរបស់ថៃ ដែលបានធ្វើសកម្មភាពដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រកាសកាត់ផ្តាច់ថាមពលអគ្គិសនី បិទការនាំប្រេងមកកម្ពុជា តាំងពីពេលមានបញ្ហាព្រំដែនដំបូងៗ។
សម្តេចតេជោ ក៏បានបញ្ជាក់ថា រយៈពេលមួយឆ្នាំហើយដែលថៃបានបិទព្រំដែនជាមួយកម្ពុជា តែមិនបានបង្កបញ្ហាណាមួយមកលើកម្ពុជាពាក់ព័ន្ធបញ្ហាទំនិញនោះទេ។ តែផ្ទុយទៅវិញ ថៃ បានបាត់បង់ថវិកាប្រមាណ១០ពាន់លានដុល្លារ តាមរយៈការលក់ទំនិញមកកម្ពុជា ។
សូមជម្រាបថា ៖ បើខាង កបប គយនិងរដ្ឋាករ សមត្ថកិច្ច ពាក់ព័ន្ធ មិនបានយកចិត្តទុកដាក់ ឬធ្វើការគ្មានកត្តាស្មោះត្រង់ រហូតដល់ហូរចូលសាច់បង្កក គ្រប់ប្រភេទបែបនេះ ប៉ះពាល់សុខភាព ប្រជាពលរដ្ឋធ្ងន់ធ្ងរ ។ ដូច្នេះស្មើនឹងមានចេតនាសម្លាប់ប្រជាពលរដ្ឋជាលក្ខណះប្រយោល ក្នុងប្រយោជន៍ នៃអំពើ គប់គិត របស់ពួកគេ ជាមួយនឹងឈ្មួញទុច្ចរិត ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច