ភ្នំពេញ ៖កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃកាលពីថ្ងៃទី២០ខែតុលាឆ្នាំ២០១៦កន្លងទៅនេះបានឃាត់ខ្លួនមេខ្លោងគ្រឿងញៀនជាជនជាតិចិន២នាក់ជាបន្តបន្ទាប់ព្រមទាំងដកហូតបានថ្នាំញៀនជិត៥០គីឡូក្រាមគ្រាដែលមេខ្លោងទាំងនេះបម្រុងយកទៅចែកចាយក្នុងរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរគ្រឿងញៀនដែលចូលរួមបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះបានឲ្យដឹងថាប្រតិបត្តិការនេះ ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រើប្រាស់កម្លាំងដោយមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃផ្ទាល់ ហើយក្នុងនោះបានឃាត់ខ្លួនមេខ្លោងជនជាតិចិនពីរនាក់បានជាបន្តបន្ទាប់ ដែលមានឈ្មោះ ស៊ូ យាំងលាង ភេទប្រុស អាយុ៤១ឆ្នាំ និងម្នាក់ទៀតឈ្មោះ យ៉ាំង ឌីយីង ភេទប្រុស អាយុ៤៤ឆ្នាំ ។
លោកឧត្តមសេនីយ៍បន្តថា ដំបូងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ូ យាំងលាង នៅត្រង់ចំណុចរង្វង់មូលទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក ខណៈជនសង្ស័យកំពុងដឹកជញ្ជូនគ្រឿងញៀនបម្រុងយកទៅប្រគល់ឲ្យមនុស្សផ្សេងទៀត ។ ពេលនោះសមត្ថកិច្ចយើងដកហូតបានថ្នាំញៀននៅខ្លួនជនសង្ស័យបានជាងកន្លះគីឡូក្រាម ហើយជនសង្ស័យបានសារភាពថា នៅមានថ្នាំញៀនមួយចំនួនធំទៀតកំពុងលាក់ទុកនៅផ្ទះបក្ខពួកស្នាក់អាស្រ័យ។ពេលនោះសមត្ថកិច្ចរបស់លោកក៏បាននាំជនសង្ស័យទៅដល់ផ្ទះបក្ខពួករួចដកហូតបានថ្នាំញៀនជាង៤៤គីឡូក្រាមទៀត ដែលថ្នាំញៀននេះត្រូវបាន ស៊ូ យាំងលាង អះអាងថាជារបស់មេខ្លោងរបស់ខ្លួនដែលរត់គេខ្លួនបាត់ ។
លោក សាន សុទ្ធី បន្តថា បន្ទាប់ពីទទួលបានការសារភាពរបស់ជនសង្ស័យខាងលើសមត្ថកិច្ចយើងបានបើកប្រតិបត្តិការជាថ្មីទៀតរហូតដល់ថ្ងៃទី២២ ខែតុលា កម្លាំងជំនាញបានស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ យ៉ាំង ឌីយីង នេះ និងដកហូតថ្នាំញៀនចំនួន៦ដុំ ស្មើជាង២គីឡូក្រាម ។ ជាតិថ្នាំញៀនដែលដកហូតបានពីជនសង្ស័យទាំង២នាក់នោះមានដូចជា ១-ប្រភេទមេតំហ្វេតាមីន មានទម្ងន់១៩៨៨,១៨ក្រាម, ២-ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី មានចំនួន១៩៣០,គ្រាប់ ស្មើនឹង៧១៣ក្រាម, ៣-ថ្នាំញៀនប្រភេទកេតាមីនដបចំនួន២០០០ដប ស្មើ១០០០ក្រាម, ៤-សារធាតុម្សៅពណ៌ស សម្រាប់កែច្នៃទៅជាគ្រឿងញៀនចំនួន៤៤គីឡូក្រាម (៤៤គីឡូក្រាមនេះម្ចាស់វារត់បាត់) និងដកហូតពីឈ្មោះ យ៉ាំង ឌីយីង មានចំនួន៦ដុំ ស្មើជាង២គីឡូក្រាម សរុបជិត៥០គីឡូក្រាម ។
លោកឧតម្តមសេនីយ៍ សាន វុទ្ធី បានឲ្យដឹងទៀតថា ក្នុងចំណោមជនសង្ស័យពីរនាក់ គឺមានម្នាក់ដែលឃាត់ខ្លួនដំបូងគែត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២១០១៦ ចំណែកម្នាក់ទៀតទុកស្រាវជ្រាវរកចាប់បក្ខពួកបន្តទៀត ។
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានមានប្រសាសន៍ឲ្យដឹងថា ការនាំចូលសារធាតុថ្នាំគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់នេះត្រូវបានកម្លាំងយើងស្រាវជ្រាវដឹងថា គឺមេខ្លោងជនជាតិចិននាំចូលតាមផ្លូវគោកពីប្រទេសឡាវមកកាន់កម្ពុជា ៕ ប្រាថ្នា