ខេត្តស្វាយរៀង ៖ អធិការនគរបាលក្រុងស្វាយរៀង ដឹកនាំកម្លាំងល្បាត ចល័ត ប្រទះឃើញជនសង្ស័យជាក្មេងទំនើង ០៤នាក់ ជិះម៉ូតូដើរលេង និងមានកាន់កាំបិតជាប់ខ្លួន។
សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងចល័តល្បាត នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបានរដ្ឋបាលទាំង០៧សង្កាត់ បានចេញល្បាតចល័តក្នុងមូលដ្ឋាន។
ខណៈនោះ ក៏បានប្រទះឃើញក្មេងមួយក្រុម មានគ្នា ០៦នាក់ ជិះម៉ូតូ ០៣គ្រឿង ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានដេញតាមឃាត់ ដើម្បីសួរនាំ ស្រាប់តែក្រុមក្មេងទាំងនោះ បាននាំគ្នាជិះរត់គេចខ្លួន រហូតដល់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ទើបឃាត់បាន។
ប្រភពបន្តថា ជនសង្ស័យចំនួន ០៤នាក់ ក្នុងនោះ
១-ឈ្មោះ ផល រតន: ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ
២-ឈ្មោះ ស៊ីណា សុធា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរមានទីលំនៅភូមិលាប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប
៣-ឈ្មោះ ម៉េង លីលី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប
៤-ឈ្មោះ ចំរើន រ៉ាឃីម ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតភូមិដំណាក់បេង ឃុំបូរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ព្រមទាំងដកហូតវត្ថុតាង÷ កាំបិតផ្គាក់ ០១ដើម។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង០៤នាក់ខាងលើ បានឆ្លើយសារភាពពួកខ្លួន ពិតជាបាននាំគ្នាជិះម៉ូតូដើរ និងមានកាន់កាំបិតពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងកំពុងកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ផងដែរ៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច