ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចូលលួចកាច់កម៉ូតូមួយគ្រឿងបានសម្រេច ហើយជិះគេចខ្លួនដោយសុវត្ថិភាព បង្កឱ្យម្ចាស់ម៉ូតូរងការខាតបង់ទ្រព្យ សម្បត្តិគួរឱ្យសោកស្ដាយ។ ហេតុការណ៍នេះបានកើត ឡើងនៅវេលាម៉ោង ៥៖៥៦នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។
តាមព័ត៌មានដែលទទួលបាន ជនសង្ស័យបានធ្វើ សកម្មភាពលួចកាច់កម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AH-3225 បានដោយជោគជ័យ មុនពេលជិះចេញពីកន្លែងកើតហេតុយ៉ាងរំភើយ ដោយបង្ហាញទឹកមុខហាក់ដូចជាត្រេកអរចំពោះសកម្មភាពល្មើសរបស់ខ្លួន។
ករណីនេះបានកើតឡើងនៅចំណុចភូមិក្ដីចាស់ ទល់មុខបុរីឌឹផ្លូរ៉ា តាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពបានឱ្យដឹងថា សកម្មភាពរបស់ជនសង្ស័យត្រូវបានកាមេរ៉ាសុវត្ថិភាពថតជាប់យ៉ាងច្បាស់ ដែលអាចជាតម្រុយសំខាន់សម្រាប់សមត្ថកិច្ចក្នុងការស្រាវជ្រាវ និងតាមចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់។
ជាមួយគ្នានេះ ម្ចាស់ម៉ូតូ និងក្រុមគ្រួសារ ក៏បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ជួយពន្លឿនការស៊ើបអង្កេត និងស្វែងរកម៉ូតូដែលបានបាត់ ព្រមទាំងចាត់វិធានការច្បាប់ចំពោះជនសង្ស័យឱ្យបានឆាប់រហ័សផងដែរ។
សូមបងប្អូនប្រជាពលរដ្ឋដែលបានឃើញម៉ូតូខាងលើ ឬមានព័ត៌មានពាក់ព័ន្ធនឹងជនសង្ស័យ សូមផ្តល់ដំណឹងទៅសមត្ថកិច្ចជាបន្ទាន់ ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសលួចកាច់កម៉ូតូដែលកំពុងបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច