ទីក្រុងហ្សឺណែវ÷ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ក្រោមរបៀបវារៈទី៣៖ កិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់ពលករទេសន្តរប្រវេសន៍។
ក្នុងបទអន្តរាគមន៍នោះ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការអំពាវនាវរបស់អ្នករាយការណ៍ពិសេស ដល់បណ្តារដ្ឋនានាឱ្យគោរពកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន ចំពោះពលករទេសន្តរប្រវេសក៍ និងទប់ស្កាត់ការរើសអើង អំពើហិង្សា ព្រមទាំងការរំលោភបំពាននានា។
ឯកឧត្តមបានលើកឡើងជាក់ស្តែងជាពិសេស ក្នុងបរិបទនៃភាពតានតឹងនាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះមានសេចក្តីរាយការណ៍ថា ពលករទេសន្តរប្រវេសក៍កម្ពុជា បានប្រឈមនឹងការស្អប់ខ្ពើមជនបរទេស វោហាសាស្ត្ររើសអើង ការនិយាយស្តីបែបស្អប់ខ្ពើម ការប្រព្រឹត្តបែបប្រកាន់រើសអើង និងអំពើហិង្សា។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថា ពលករទេសន្តរប្រវេសក៍ មិនត្រូវក្លាយជាផ្ទាំងស៊ីប ឬរងការរើសអើងដោយផ្អែកលើសញ្ជាតិរបស់ពួកគេឡើយ ហើយក៏មិនត្រូវក្លាយជាជនរងគ្រោះនៃភាពតានតឹងផ្នែកនយោបាយ ឬជម្លោះរវាងរដ្ឋនិងរដ្ឋនោះដែរ និងបានអំពាវនាវដល់ប្រទេសទទួល ឱ្យចាត់វិធានការចាំបាច់នានា ដើម្បីការពារពលករទេសន្តរប្រវេសក៍ ស្របតាមកាតព្វកិច្ចរបស់ខ្លួន ដោយអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិរួមទាំងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សផងដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច