ភ្នំពេញ៖ មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានសម្រេចពិន័យអន្តរការណ៍ហាងយីហោ «ចរណៃ» ក្នុងទំហំទឹកប្រាក់ចន្លោះពី ១០លាន ទៅ ២០លានរៀល បន្ទាប់ពីរកឃើញថា ហាងនេះបានបង្កឱ្យអតិថិជនមានការភាន់ច្រឡំរវាងផលិតផលត្រីសាម៉ុន និងត្រីត្រោត។
ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដោយមន្ត្រីជំនាញ ក.ប.ប. លើទីតាំងលក់ និងចែកចាយត្រីក្លាសេ និងផលិតផលម្ហូបអាហាររបស់ហាង «ចរណៃ»។ ជាលទ្ធផល ក្រុមការងារបានរកឃើញថា ហាងបានធ្វើការបង្ហាញ និងលក់ផលិតផលក្នុងលក្ខណៈដែលអាចធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រឡំអំពីប្រភេទត្រី ដែលជាទង្វើផ្ទុយនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។
មន្ត្រី ក.ប.ប. បានពន្យល់ដល់តំណាងម្ចាស់ហាងអំពីខ្លឹមសារមាត្រា៣៨ នៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការអះអាងដោយបន្លំ ឬធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រឡំ និងបានអនុវត្តវិធានការពិន័យស្របតាមច្បាប់ជាធរមាន។
ជាមួយគ្នានេះ ក.ប.ប. បានណែនាំឱ្យហាង «ចរណៃ» កែតម្រូវជាបន្ទាន់នៅគ្រប់សាខាលក់ទាំងអស់ ដោយត្រូវបញ្ជាក់ឈ្មោះប្រភេទត្រី តម្លៃ និងរៀបចំដាក់តាំងផលិតផលនីមួយៗឱ្យដាច់ដោយឡែកពីគ្នា ដើម្បីធានាថាអ្នកប្រើប្រាស់ទទួលបានព័ត៌មានត្រឹមត្រូវ និងអាចធ្វើការជ្រើសរើសបានដោយគ្មានការភាន់ច្រឡំ។
អគ្គនាយកដ្ឋាន ក.ប.ប. អះអាងថា នឹងបន្តពង្រឹងការត្រួតពិនិត្យ និងអនុវត្តច្បាប់ ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ និងលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិតលើទីផ្សារ។ ជាមួយគ្នានេះដែ រក.ប.ប ក៏បានអំពាវនាវឱ្យសាធារណជនចូលរួមផ្តល់ព័ត៌មានអំពីសកម្មភាពដែលប៉ះពាល់ដល់សិទ្ធិអ្នកប្រើប្រាស់ ឬសុវត្ថិភាពម្ហូបអាហារ តាមរយៈលេខទូរស័ព្ទ ១២៦៦៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច