ខេត្តត្បួងឃ្មុំៈ ប្រជាពលរដ្ឋនៅស្រុក មេមត់ ខេត្តត្បូងឃ្មុំ ព្រួយបារម្ភកាន់តែខ្លាំងចំពោះការខូចខាតដំឡូងមីរបស់ពួកគាត់។ ការខូចខាតនេះកើតឡើងក្រោយពេលភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នា បណ្ដាលឲ្យដំឡូង របស់ប្រជាពលរដ្ឋរលួយមើមជាបន្តបន្ទាប់។ ប្រជាកសិករកាន់តែជួបការលំបាកបន្ថែមទៀត ដោយសារតែមិនអាចរកប្រាក់សង បំណុលគ្រឹះស្ថានហិរញ្ញវត្ថុបាន ហើយមានពលរដ្ឋខ្លះនាំគ្នាចំណាកស្រុកជាហូរហែ។
ប្រជាកសិករនៅស្រុកមេមត់ ខេត្តត្បូង ឃ្មុំកាន់តែអស់សង្ឃឹមដោយបញ្ហាកសិផលរបស់ពួកគាត់កំពុងប្រឈមបញ្ហាមួយថ្មី បន្ថែមទៀត។ បញ្ហាតម្លៃដំឡូងចុះថោក គឺជារឿងសំខាន់មួយ ប៉ុន្តែបញ្ហាដំឡូងចាប់ផ្ដើមរលួយមើមគឺជាបញ្ហាសំខាន់មួយផ្សេងទៀត។
ប្រជាកសិករនៅឃុំកំពាន់ ស្រុកមេមត់ មួយរូបលោក សាំង ផុន រៀបរាប់ថា លោក បានដាំដំឡូងមី៥ហិកតារតាំងពីខែឧសភា។ លោករំពឹងថា នឹងប្រមូលផលនៅខែវិច្ឆិកា ឬខែធ្នូខាងមុខ ប៉ុន្តែក្តីសង្ឃឹមនេះប្រែជា រលាយបន្តិចម្តងៗ ដោយសារថ្មីៗនេះដំឡូង របស់ពួកគាត់រលួយមើមជាបន្តបន្ទាប់។ លោកបន្តថា ក្រោយពេលមានភ្លៀងធ្លាក់ជាប់ៗគ្នាតាំងពីខែកញ្ញាមកដំឡូងរបស់លោកប្រមាណ៣ហិកតារបានខូចខាត ដោយសារទឹកដក់ក្នុងចម្ការខ្លាំងឬដីមានជាតិសើមខ្លាំងធ្វើឲ្យមើមដំឡូងរលួយតែ ម្តង។
ចាប់តាំងពីតម្លៃផលិតផលកសិកម្ម របស់កសិករនៅខេត្តត្បូងឃ្មុំពិសេសតម្លៃដំឡូងមី ជ័រកៅស៊ូ ពោត ស្រូវ ធ្លាក់ថ្លៃខ្លាំង ធ្វើឲ្យពលរដ្ឋនៅតំបន់មួយចំនួនចំណាកស្រុកកាន់តែច្រើន។ ជាក់ស្តែងពលរដ្ឋនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ត្រូវបានអាជ្ញាធរមូលដ្ឋានបញ្ជាក់ថា ពិតជាមានលំហូរ ចំណាកស្រុកកាន់តែច្រើនប្រាកដមែន ក្រោយពេលតម្លៃកសិផលធ្លាក់ចុះ។
តម្លៃដំឡូងមីស្រស់នៅឆ្នាំ២០១៦កសិ ករអាចលក់បានតម្លៃ១៥០រៀលទៅ១៨០រៀលក្នុងមួយគីឡូក្រាម ហើយត្រូវកាត់ថ្លៃដឹកជញ្ជូនមួយចំណែកថែមទៀត។ តម្លៃ នេះគឺខុសគ្នាទៅនឹងឆ្នាំ២០១៥ដែលកសិករអាចលក់បានតម្លៃ៣៥០រៀលទៅ ៤០០រៀលក្នុងមួយគីឡូក្រាម។
មេឃុំកំពាន់ លោក កូវ យ៉ែម មានប្រសា សន៍នៅថ្ងៃទី២៤ ខែតុលា ថា ខាងលោក មិនទាន់ទទួលបានរបាយការណ៍ស្ដីពីការខូចខាតដំឡូងមីរបស់កសិករឡើយពីព្រោះមិនមានអ្នករាយការណ៍ប្រាប់គាត់។ លោក បន្ថែមថា អាជ្ញាធរមិនដឹងដោះស្រាយជូនពលរដ្ឋដោយរបៀបណាទេពីព្រោះវាជាគ្រោះធម្មជាតិ។ មេឃុំរូបនេះហាក់ខឹងសម្បាទៅនឹងពលរដ្ឋដែលបានផ្តល់ព័ត៌មានស្ដីពីដំឡូងរលួយមើមថែមទៀតផង។ លោកថានឹងឲ្យមន្ត្រីរបស់ខ្លួនចុះពិនិត្យមើល បញ្ហានេះ ដើម្បីធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើបន្តទៀត៕ សហការី