ខេត្តកណ្ដាល÷មន្ត្រីនៅក្រោមបាល់ស្រុកកណ្ដាលស្ទឹងបានឱ្យដឹងនៅថ្ងៃទី២៧ខែមិថុនានេះថា បុរសញៀនថ្នាំម្នាក់ដែលបានធ្វើ សកម្មភាពលួចកាត់ខ្សែភ្លើងរោងចក្រទុកចោល រួចរត់គេចខ្លួនចោលម៉ូតូទាំងកណ្ដាលថ្ងៃត្រង់ នោះ ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច បន្ទាប់នពីជននេះបានធ្វើឫកពារល្ងង់ខ្លៅដើរត្រឡប់មកសួររកម៉ូតូពីកម្លាំងប្រជាការពារវិញ។ ប្រតិបត្តិការឃាត់ខ្លួនចោរចម្លែករូបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លុយ ចំរើន ហៅទុន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិត ប្រាកដមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាននិងមាន ទីលំនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង។ ចំណែកជនរងគ្រោះដែលជាអ្នកមើលថែទីតាំងមាន ឈ្មោះ ឆិល ឆែល (ប្រុស, ៦១ឆ្នាំ) មុខរបរកសិករ រស់ នៅភូមិក្រសាំង ឃុំជើងកើប។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខ ភ្នំពេញ 1AN-2520 ទូរស័ព្ទដៃ ១គ្រឿងម៉ាកអូប៉ូអេ១៥ (OPPO A15) ពណ៌ស កូនកាំបិតចុងស្រួច ១ និងសំបកខ្សែភ្លើងមួយចំនួន។
ប្រភពសមត្ថកិច្ចបានបន្តថា កាលពីវេលាម៉ោង ១៥និង ០០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ជនរងគ្រោះបានដើរទៅផ្ទះម្ដាយក្មេក ក៏ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពកាត់ខ្សែភ្លើងនៅបង្គោលភ្លើងរបស់រោងចក្រ S M L ដែលទុកចោល (ទីតាំងនេះម្ចាស់បានផ្ញើឲ្យជនរងគ្រោះជួយមើលថែ)។ ភ្លាមៗនោះ ជនរងគ្រោះបានទូរស័ព្ទរាយការណ៍ជូនប្រធានភូមិ រួចនាំក្មួយប្រុសម្នាក់ដើរចូលទៅសួរនាំ។ ឃើញដូច្នោះ ជនសង្ស័យបានភ័យស្លន់ស្លោរត់លះបង់ម៉ូតូចោលផ្អើលរត់គេចខ្លួនទៅទិសខាងកើត បាត់ស្រមោល។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយពេលរត់គេចខ្លួនបាត់មួយសន្ទុះ លុះដល់វេលាម៉ោង ១៧និង០០នាទីល្ងាចថ្ងៃដដែល ជនសង្ស័យបានដើរត្រឡប់មកកន្លែងកើតហេតុវិញ ទាំងមិនដឹងខ្លួនថាមានសមត្ថកិច្ច រួចបានចូលទៅសួរនាំកម្លាំងប្រជាការពារភូមិដោយហៅចំៗថា «យកម៉ូតូរបស់វាទៅណា?»។ ឃើញឱកាសល្អបែបនេះ កម្លាំងប្រជាការពារក៏បានសហការគ្នាស្ទាក់ឃាត់ខ្លួនជនសង្ស័យ រួចប្រគល់ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជើងកើបតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច