ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនចោរឆក់ខ្សែកនៅខណ្ឌកំបូលម្នាក់ ដកហូតបានខ្សែកមាស និងម៉ូតូជាមធ្យោបាយធ្វើសកម្មភាព

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌកំបូល បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែក) ក្រោយធ្វើសកម្មភាពនៅចំណុចផ្លូវបេតុង ក្នុងបុរីសែនមនោរម្យ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ដោយកម្លាំងផែនព្រហ្មទណ្ឌបានស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ នី វិសាល អាយុ ១៨ឆ្នាំ មុខរបរជាងកាត់សក់ ដែលត្រូវបានរកឃើញថា មានផ្ទុកសារធាតុញៀន។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ខ្សែកមាស ១ខ្សែ ទម្ងន់ ៥ជី ដែលជារបស់ជនរងគ្រោះ និង ម៉ូតូ Honda Dream ឆ្នាំ២០២៦ មួយគ្រឿង ដែលជាមធ្យោបាយប្រើប្រាស់ក្នុងការធ្វើសកម្មភាព។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕


ចែករំលែក៖