ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ ព្រះសង្ឃ និង យុវជន ស.ស.យ.កខណ្ឌ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់តាមបណ្តោយសណ្តស្ទឹងព្រែកត្នោតចំនួន ១០០គ្រួសារបន្ថែមទៀត ស្ថិតក្នុងភូមិស្ពានថ្ម ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន និងតែងបានណែនាំអោយអជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនដែលជួបការលំបាក គ្រោះមហន្តរាយ គ្រោះធម្មជាតិ នានា។ លោកអភិបាលក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចំពោះបងប្អូនដែលទទួលរងគ្រោះដោយសារទឹកជំនន់ដែលហូរធ្លាក់តាមបណ្តោយទំនប់សណ្តស្ទឹងព្រែកត្នោតនេះ។ ជាមួយគ្នា លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់អោយប្រុងប្រយត្ន ក្នុងរដូវនេះ ជាពិសេសក្មេងៗតូចៗ កុំអោយលេងទឹក ដែលបង្កគ្រោះថ្នាក់ និងត្រូវមានអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត និងការពារពីការយាយីរបស់សត្វអាសិរពិសនានា។
ក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌ ក៏បានទទួលទេយ្យវត្ថុពីព្រះគ្រូចៅអធិការវត្តឫស្សីសាញ់ និងវត្តអង្គមេត្រី រួមមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខទៀត។
លោកអភិបាលបានធ្វើការថ្លែកអំណរព្រះគុណចំពោះព្រះសង្ឃ និងអរគុណដល់សប្បុរសជនទាំងអស់ដែលបានរួមចំណែកក្នុងការងារមនុស្សធម៌ក្នុងមូលដ្ឋានខណ្ឌ និងជាពិសេសបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់តាមបណ្តោយសណ្តរស្ទឹងព្រែកត្នោតនេះ។
គួរបញ្ជាក់ថាៈ នៅក្នុងសង្កាត់ស្ពានថ្ម ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់បានទទួលអំណោយសង្គ្រោះបានចំនួន ០៤លើករួចមកហើយ សរុបចំនួន ២៨២គ្រួសារ ៕ ជីម ភារ៉ា ដង្កោ