ព័ត៌មានទាន់ហេតុការណ៍៖

កាប់ម៉ូតូគេដើម្បីឌឺដង ! ចុងក្រោយក្មេងទំនើង២នាក់ ត្រូវសមត្ថកិច្ចខេត្តត្បូងឃ្មុំក្របួចជាប់

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ ៖ តាម​រយៈ​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​កម្លាំង​ក្រោម​ឱវាទ​ស្រាវជ្រាវ ទីបំផុត​ចាប់​បាន​ក្រុម​ក្មេង​ទំនើង​ចំនួន​២​នាក់ ដែល​បាន​កាប់​បំផ្លាញ​ម៉ូតូ​របស់​អ្នក​ដទៃ ដែល​ប្រតិបត្តិការ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​ឃុំ​ក្រែក ស្រុក​ពញាក្រែក បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សួរនាំ ។

លោក​ឧត្តមសេនីយ៍ត្រី​ចក់ សុខ​កៅ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង នា​រសៀល​ថ្ងៃ​ទី​២៨ មិថុនា ឆ្នាំ​២០២៦​ថា ក្នុង​ករណី​កន្លង​មក​ក្រុម​ក្មេង​ទំនើង ដែល​បាន​បង្ក​ហិង្សា​ដោយ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក តាម​ដងផ្លូវ​ខ្លះ​មិន​មាន​បទល្មើស​ធំដុំ​នោះ​ទេ តែ​ក្រុម​នេះ​មិន​បាន​ទេ​ឱ្យ​តែ​ឃើញ​ដឹង​តែ​ឌឺដង​ដាក់​ប្រាវ​តែ​ម្ដង ។ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​បាន​បន្តបន្ទាប់ ក្រុម​នេះ​ភាគច្រើន​មិន​ស្ដាប់​ការ​ណែនាំ​ពី​សំណាក់​ឪពុក​ម្ដាយ​នោះ​ទេ ។

សមត្ថកិច្ច​បាន បន្ត​ហើយ​ដឹង​ទៀត​ថា ករណី​ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​(​កាប់​ម៉ូតូ​)​ផ្ដើម​ចេញពី​ក្មេង​ទំនើង​ចំនួន​២​ក្រុម (​វាយ​ទៅ​វាយ​មក​) កើតហេតុ​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ វេលា​ម៉ោង​២០​និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​ជី​មាន់​ជើង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

សមត្ថកិច្ចបាបឃាត់​ជនសង្ស័យ​ឈ្មោះ​១.​ឈ្មោះ ហង់ ហុង​គា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្រុក​កំណើត​ភូមិ​ស្មោញ ឃុំ​ល្វៀង ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម និង ២.​ឈ្មោះ អ៊ិ​ន សុ​ឃី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្រុក​កំណើត​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។

បច្ចុប្បន្ន​ទាំង​ពីរ​នាក់ ស្នាក់​នៅ​ភូមិ​ជី​មាន់​ជើង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ម៉ូតូ​ម៉ាក​Scoopy របស់​ជន​រង​គ្រោះ​ឈ្មោះ សា​ម៉ុ​ន ណា​ឡែ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​ទី​២ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុកពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

ចំពោះ​អំពី​វត្ថុ​តាងៈ ១.​ម៉ូតូ​ចំនួន ១​គ្រឿង ២.​កាំបិត​ផ្គាក់​ចំនួន ១​ដើម​។ ៣.​ដុំ​ថ្ម​ចំនួន​២​ដុំ​។ ៤.​បំណែក​ដុំឥដ្ឋ​ចំនួន​១​ដុំ​។

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ប​ញ្ចូ​ន​មក​កាន់​អធិការដ្ឋាន ដើម្បី​សាកសួរ​ព្រមទាំង​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​តាម​ច្បាប់ ៕


ចែករំលែក៖