ខេត្តព្រះសីហនុ÷មន្ត្រីនគរបាលខេត្តព្រះសីហនុឲ្យដឹងនៅព្រឹកថ្ងៃទី ៣០ ខែមិថុនានេះថា ដោយមានការយក ចិត្តទុកដាក់ ដឹកនាំចង្អុលបង្ហាញពីឧត្តមសេនីយ៍ ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតាមការណែនាំពីលោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌបង្រ្កាបបទល្មើសជាក់ស្តែង អំពើលួចកាត់ខ្សែភ្លើងយកស្ពាន់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។
សមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង២០:៣៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រាម បានសហការជាមួយកម្លាំងយោធាមូលដ្ឋានសមុទ្ររាម ធ្វើការល្បាតតាមភូមិសាស្រ្តស្មុគ ស្មាញ។ លុះមកដល់ចំណុច ក្បាលហុង ស្ថិតក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ បានឃាត់ជនសង្ស័យ ១នាក់ដែលកំពុងធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើង តាមបណ្តោយផ្លូវបេតុង រួចបន្តឃាត់ខ្លួនបក្សពួកម្នាក់ទៀត រួមទាំងវត្ថុតាង៖
ជនសង្ស័យឈ្មោះ លី សុីថា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ ម៉ាន់ ល័ក្ខ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករសំណង់។ ទាំង ២នាក់ខាងលើស្នាក់នៅចំណុចក្បែរវត្តអូរត្រេះ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូចំនួន ២គ្រឿង(ជិះធ្វើសកម្មភាព)
១.ម៉ាក់សង់ C125 ពណ៌ខ្មៅ ផលិតឆ្នាំ2026 ពាក់ផ្លាកភ្នំពេញ1MB.1137
២.ម៉ាកសង់ C125ពណ៌ខ្មៅ ផលិតឆ្នាំ2013 ពាក់ផ្លាកលេខភ្នំពេញ1CA.4505
-ខ្សែភ្លើងមួយចំនួន
-កូនកាំបិតចំនួន ៣ដើម
-ដង្កាប់ចំនួន ៣ដើម
-ទូរស័ព្ទចំនួន ៣គ្រឿង
-ពិលចំនួន ១គ្រឿង
ក្រោយពីសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង២ នាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែ ភ្លើងនេះពិតប្រាកដមែន ព្រមទាំងប្រើប្រាស់គ្រឿងញៀនថែមទៀតផង(ធ្វើតេស្ត+វិជ្ជមានសារធាតុញៀន)។ ក្នុងនោះសមត្ថកិច្ចនគរបាបានទទួលពាក្យបណ្តឹង ចំនួន៤ ពីប្រជាពលរដ្ឋ នៅទីតាំងកើតហេតុផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងកំពង់សោម កសាងសំណុំរឿង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច