ខេត្តកណ្តាល÷មុខសញ្ញាញៀនថ្នាំម្នាក់ក្នុងចំណោមបក្សពួក៣នាក់ ដែលតែងតែធ្វើសកម្មភាពលួចទ្រព្យ សម្បត្តិក្នុងវត្ត ត្រូវបានព្រះសង្ឃ និងគណៈកម្មការវត្តព្រួតគ្នាដេញចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជននេះបានលួចកាត់ខ្សែភ្លើងដាក់ការុងបម្រុងជិះម៉ូតូគេចខ្លួន។ ប្រតិបត្តិការតាមចាប់ចោរលួចខ្សែភ្លើងនេះ បានកើតឡើងកាលពីម៉ោង ២៣ និង៣០នាទី ថ្ងៃទី២៩ មិថុនា ២០២៦ នៅចំណុចផ្លូវបេតុងចូលវត្តក្តីតាឡង់ ស្ថិតក្នុងភូមិខ្វែកអណ្តូង ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ ឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ បឿន នឿន ភេទប្រុស អាយុ ២៤ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរមិនពិតប្រាកដ និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន ចំណែកបក្សពួក២ នាក់ទៀតមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។ ចំពោះជនរងគ្រោះជាព្រះចៅអធិការវត្តក្តីតាឡង់ ព្រះនាម ភិក្ខុ ចក់ បូណា ព្រះជន្ម ២៩ឆ្នាំ។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ខ្សែភ្លើង២បាវ ដែកកាប់សម្រាប់កាត់ខ្សែភ្លើងមួយចំនួន និងកាំបិតតាំងតោ១ដើម។
លោកអធិការបានបន្តថា កន្លងមកជនសង្ស័យឈ្មោះ បឿន នឿន ជាមុខសញ្ញាចោរកម្ម និងប្រើប្រាស់គ្រឿង ញៀនយ៉ាងសកម្មប្រចាំភូមិ ហើយតែងតែចូលមកលួចទ្រព្យសម្បត្តិក្នុងវត្តក្តីតាឡង់ជាញឹកញាប់ ដូចជាខ្សែ ភ្លើង អំពូលសូឡា ផ្លែដូង និងផ្លែស្វាយជាដើម។ លុះ ដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យ និងបក្សពួកបានចូលមកធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់វត្ត រួចប្រមូលច្រកចូលក្នុងបាវលើកដាក់ម៉ូតូជិះគេចខ្លួន។ ភ្លាមៗនោះ ស្រាប់តែមានការដាច់ភ្លើងទូទាំងវត្ត ទើបព្រះចៅអធិការប្រើឲ្យកូនសិស្សទៅពិនិត្យមើល ក៏ដឹងថាមានចោរលួចកាត់ខ្សែភ្លើង ទើបព្រះអង្គដឹកនាំព្រះសង្ឃ លោកអាចារ្យ និងកូនសិស្សនាំគ្នាដើរស្វែងរកគ្រប់ច្រកល្ហក។
លោកអធិការបានបញ្ជាក់ថា ពេលដើរស្វែងរកដល់ចំណុចផ្លូវមាត់ព្រែកហង់ ក្រុមព្រះសង្ឃក៏បានប្រទះ ឃើញជនសង្ស័យកំពុងជិះម៉ូតូដឹកខ្សែភ្លើង ហើយនាំគ្នាស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោទម្លាក់ខ្សែភ្លើងចោល បម្រុងជិះម៉ូតូគេចខ្លួនចូលចម្ការស្វាយ តែត្រូវព្រះសង្ឃ និងកូនសិស្សព្រួតគ្នាឃាត់ខ្លួនបានសម្រេច រួចប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិបានតែម្ដង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន និងបក្សពួកពិតជាបានចូលលួចកាត់ខ្សែភ្លើងរបស់វត្តប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច