ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖ ការដំឡើងរថយន្តដោយវិស្វករខ្មែរផ្ទាល់ ជាសក្ខីភាពបង្ហាញពីសមត្ថភាពខ្ពស់ក្នុងការចាប់យកបច្ចេកវិទ្យាកម្រិតខ្ពស់ និងជាគម្រូវិនិយោគយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយ លោក​ UENO Atsushi ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាសហធិបតីក្នុង ពិធីសម្ពោធដាក់ឱ្យដំណើរការ ការផ្គុំនិងដំឡើងរថយន្ត TOYOTA HILUX TRAVO នៅរោងចក្រតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក. ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុបភ្នំពេញ។ 

កម្មវិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោក Shigeru Harada អគ្គនាយកប្រតិបត្តិសម្រាប់ផ្នែកចល័តភាពនៃក្រុមហ៊ុន Toyota Tsusho Corporation, ឧកញ៉ា គង់ នួន អគ្គនាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia), ព្រមទាំងវត្តមាន លោក​ លោកស្រី​ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ភ្ញៀវកិត្តិយសជាតិ/អន្តរជាតិ, ព្រមទាំងបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនយ៉ាងច្រើនកុះករ។

ថ្លែងក្នុងសុន្ទរកថាគន្លឹះ លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Toyota Tsusho ដែលបានសម្រេចចិត្តវិនិយោគលើការផ្ដុំដំឡើងរថយន្តម៉ូដែលថ្មីនៅកម្ពុជា ដែលស្តែងឱ្យឃើញពីជំនឿចិត្តយ៉ាងមុតមាំលើសក្តានុពលសេដ្ឋកិច្ចជាតិ។ លោកបានសង្កត់ធ្ងន់ថា ការដំឡើងរថយន្តដោយវិស្វករខ្មែរផ្ទាល់ ជាសក្ខីភាពបង្ហាញពីសមត្ថភាពខ្ពស់ក្នុងការចាប់យកបច្ចេកវិទ្យាកម្រិតខ្ពស់ និងជាគម្រូវិនិយោគយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ ក្នុងការរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម អភិវឌ្ឍមូលធនមនុស្ស និងវិបុលភាពរយៈពេលវែង។

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវអំណរគុណចំពោះ លោកឯកអគ្គរាជទូតជប៉ុន សម្រាប់ការគាំទ្រនិងសម្របសម្រួលយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ និងមានប្រវត្តិមិត្តភាពយ៉ាងយូរអង្វែង រហូតឈានដល់ការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” កាលពីឆ្នាំ២០២៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវិនិយោគលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីចំណាត់ការសំខាន់ៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក៏ដូចជាស្ថាប័ន ក.អ.ក. បាននិងកំពុងអនុវត្តក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងផ្តល់បរិយាកាសអំណោយផលដល់វិនិយោគិនក្នុងរយៈពេលវែង រួមមានជាអាទិ៍៖ (១)ផែនការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម និងការវិនិយោគ, (២) ទិសដៅជំរុញការអភិវឌ្ឍប្រភពថាមពលស្អាត រំពឹងថានឹងបានដល់ ៧០% នៃការប្រើប្រាស់ថាមពលសរុបក្នុងឆ្នាំ២០៣០, (៣)ការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញតាមរយៈការដាក់ចេញនូវ “ច្បាប់ស្តីពីការប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា”, និង (៤) ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលវិនិយោគជាមួយ យន្តការផ្នែករដ្ឋនិងវិស័យឯកជននានាដែលបានដាក់ចេញ, ការចាប់យកឌីជីថលូបនីយកម្មលើសេវាសាធារណៈ ដូចជាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធcdcIPM និងការតភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រួលបន្ថែមជូនវិនិយោគិនមួយកម្រិតទៀត ព្រមទាំងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងទីស្តីការ ក.អ.ក. ដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតវិនិយោគិនគោលដៅ។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន TOYOTA ពិនិត្យលទ្ធភាពបន្តពង្រីកការវិនិយោគលើគ្រឿងបង្គុំយានយន្ត បច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ លោកក៏បានអំពាវនាវដល់ដៃគូពាក់ព័ន្ធ បណ្តាញផ្គត់ផ្គង់ និងឧស្សាហកម្មគាំទ្រនានារបស់ TOYOTA សូមមកធ្វើការឈ្វេងយល់បន្ថែមពីឱកាសវិនិយោគ ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃ (Forward & Backward Linkages) សំដៅរុញច្រានកម្ពុជាឱ្យចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល បង្កើតតម្លៃបន្ថែមក្នុងស្រុក និងការងារដែលមានគុណភាព។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី និងគណៈអធិបតីអមដំណើរ បានអញ្ជើញធ្វើទស្សនកិច្ចទៅក្នុងរោងចក្រ ដើម្បីស្វែងយល់ស៊ីជម្រៅអំពីខ្សែច្រវាក់ផលិតកម្ម និងដំណើរការផ្ដុំដំឡើងរថយន្តប្រកបដោយស្តង់ដារសកល។ អំឡុងពេលទស្សនកិច្ចនោះ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល សាកសួរទុក្ខ ដោយបានផ្តល់នូវកម្លាំងចិត្ត និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់បុគ្គលិក កម្មករជំនាញ ក៏ដូចជាសិស្ស-និស្សិតដែលកំពុងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈពាក់ព័ន្ធ ដោយឯកឧត្តមបានជំរុញឱ្យពួកគេខិតខំក្រេបជញ្ជក់ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗពីក្រុមហ៊ុន ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងផង និងរួមចំណែកកសាងអនាគតឧស្សាហកម្មយានយន្តរបស់ជាតិផង។

ជាកិច្ចបន្ទាប់ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូតជប៉ុន រួមជាមួយគណៈអធិបតី បានអញ្ជើញចុចប៊ូតុងសោររថយន្តជាផ្លូវការ ដើម្បីបើកបង្ហាញរថយន្ត TOYOTA HILUX TRAVO គ្រឿងដំបូងបង្អស់ ដែលផ្ដុំនិងដំឡើងឡើងដោយផ្ទាល់ពីស្នាដៃកុលបុត្រខ្មែរ។ ភ្លាមៗបន្ទាប់ពីនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសអញ្ជើញឡើងបើកបរសាកល្បង (Test Drive) រថយន្តម៉ូដែលថ្មីនេះ ដើម្បីពិនិត្យនិងវាយតម្លៃដោយផ្ទាល់លើគុណភាព ផាសុកភាព និងបច្ចេកវិទ្យាចល័តភាពដ៏ទំនើប ដែលការណ៍នេះបានស្តែងឱ្យឃើញពីការគាំទ្រយ៉ាងពេញទំហឹង និងភាពជឿជាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលលើផលិតផលមោទនភាពជាតិ។

មុននឹងបញ្ចប់កម្មវិធី លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសធ្វើបទសម្ភាសន៍យ៉ាងរស់រវើកជូនដល់បណ្តាញសារព័ត៌មានដែលបានចូលរួម។ ក្នុងនោះ លោកបានគូសបញ្ជាក់ជាថ្មីម្តងទៀតអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃគម្រោងវិនិយោគនេះ ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តកែលម្អបរិយាកាសវិនិយោគ និងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ ដើម្បីទាក់ទាញក្រុមហ៊ុនឧស្សាហកម្មលំដាប់ពិភពលោកដូចជា TOYOTA ឱ្យមកបណ្តាក់ទុនកាន់តែច្រើនឡើងនៅកម្ពុជា៕ដោយ​៖តារា​


ចែករំលែក៖