ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម សម្ពោធបើកដំណើរការផ្គុំ និងដំឡើងរថយន្តម៉ូដែលថ្មី Toyota Hilux Travo ដែលបានធ្វើឱ្យវិស័យយានយន្ត នៅកម្ពុជាកាន់តែរីកចម្រើន ហើយធ្វើឱ្យផលិតកម្មគ្រឿងបង្គុំ និងដំឡើងរថយន្តនៅកម្ពុជាបានកើនដល់ចំនួន១១ទីតាំង។
សូមជម្រាបជូនថា ការរីកចម្រើននៃផលិតកម្មគ្រឿងបង្គុំ និងដំឡើងរថយន្តនៅកម្ពុជា បានផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ច-សង្គម ដោយជួយបង្កើតការងារជំនាញ បង្កើនខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក បង្កើនការផ្ទេរបច្ចេកវិទ្យា និងកាត់បន្ថយការចំណាយលើការនាំចូល ដែលធ្វើឱ្យប្រជាពលរដ្ឋអាចទទួលបានរថយន្តយកទៅប្រើប្រាស់ក្នុងតម្លៃកាន់តែសមរម្យ។
បើយោងតាមក្រសួងឧស្សាហកម្ម បានឱ្យដឹងថា នៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនផលិត ផ្តុំ និងដំឡើងរថយន្តចំនួន ១១ ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្តុំ និងដំឡើងរថយន្តបានប្រមាណ ៣៧ ៩០០ គ្រឿងក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា គិតរហូតមកដល់បច្ចុប្បន្ន បរិមាណរថយន្តដែលផ្តុំ និងដំឡើងក្នុងស្រុកមានចំនួនសរុប ១៧៣ ៤៧៣ គ្រឿង ហើយរថយន្តទាំងនេះបាននិងកំពុងបម្រើឱ្យទីផ្សារក្នុងស្រុក។ បច្ចុប្បន្ន រោងចក្រផលិត ផ្គុំ និងដំឡើងរថយន្ត ដែលកំពុងដំណើរការសង្វាក់ផលិតកម្មនៅកម្ពុជា រួមាន រោងចក្ររថយន្ត KIA នៅខេត្តបន្ទាយមានជ័យ, Hyundai នៅខេត្តកោះកុង, GTV របស់ខ្មែរនៅខេត្តកណ្តាល, ក្រុមហ៊ុន Toyota នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, រថយន្ត I SUZU នៅខេត្តកំពង់ស្ពឺ, រោងចក្រផលិត ផ្គុំ និងដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់, រោងចក្រ Ssang Yong នៅខេត្តស្វាយរៀង, រោងចក្រ Zo Motor ផ្គុំ និងដំឡើង រថយន្តខ្នាតធំអគ្គិសនីនៅខេត្តពោធិសាត់, រោងចក្រដំឡើងរថយន្តអគ្គិសនី BYD នៅខេត្តព្រះសីហនុ។
ដោយឡែកក្រៅពីនេះ រោងចក្ររថយន្ត GAC និងរោងចក្ររថយន្ត Chevrolet កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ស្ថិតនៅខេត្តកំពង់ឆ្នាំង៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច