ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនក្នុងករណីជំរិតទារប្រាក់ពីប្រជាពលរដ្ឋ និងប្រមាថសម្លាប់អ្នកជិតខាង

ចែករំលែក៖

បន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែតឃាត់ខ្លួនភ្លាមៗ ក្នុងករណីជំរិតទារប្រាក់ ពីប្រជាពលរដ្ឋចេញមកពីប្រទេសថៃ និងជេរប្រមាថគំរាមសម្លាប់អ្នកជិតខាង នៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្បែរផ្ទះសំណាក់លីហូវ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា តាមពាក្យបណ្ដឹង ជនរងគ្រោះឈ្មោះ វង្ស សុគន្ធរ័ត្ន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា នៅមុនពេលកើតហេតុនៅយប់នោះខ្លួន កំពុងអង្គុយលក់ឥវ៉ាន់នៅមុខផ្ទះស្រាប់តែឮសំឡេងមនុស្សស្រែកឲ្យជួយ ព្រោះមានគេចាប់ជំរិត ពេលនោះ ខ្លួនបានរត់ទៅមើល ក៏ឃើញមានមនុស្ស២នាក់ ប្តី ប្រពន្ធ ដែលជនសង្ស័យកំពុងជំរិតទារប្រាក់ នៅជាប់នឹងផ្ទះរបស់គាត់ ។

លោកវរ:សេនីយ៍ត្រី ជា ដា បានបញ្ជាក់ទៀតថា តាមការរៀបរាប់របស់ជនរងគ្រោះបាននិយាយថា ២នាក់ប្តីប្រពន្ធជាពលករ បានចេញពីផ្សាររោងគ្លឿប្រទេសថៃ ចូលមកខ្មែរវិញដោយអោយជនសង្ស័យជូនតាមច្រករបៀងក្នុងដំលៃ១.០០០បាត(ប្រាក់ថៃ) លុះជូនមកដល់ដីខ្មែរ ស្រាប់តែជនសង្ស័យទារប្រាក់ចំនួន២០០០បាតទៅវិញ ។

ពេលនោះ ២នាក់ប្ដីប្រពន្ធមិនមានប្រាក់អោយ ទើបមានការគំរាមកំហែងរហូតផ្អើលដល់អ្នកជិតខាង ។ ឈ្មោះ វង្ស សុគន្ធរ័ត្ន បានចេញមកជួយនិយាយជាមួយជនសង្ស័យថា កុំធ្វើបាបគាត់អី ព្រោះពួកគាត់ ក៏ជាខ្មែរដែរ ពេលនោះ ជនសង្ស័យខឹងយ៉ាងខ្លាំងបានជេរប្រមាថ និងគំរាមសម្លាប់គាត់ទៀតផង ពេលនោះឈ្មោះវង្ស សុគន្ធរ័ត្ន បានទៅប្តឹងអាវុធហត្ថក្រុងប៉ោយប៉ែត អោយជួយធ្វើអន្តរាគមន៍ទាំងយប់ ។

ក្រោយពីទទួលបានពាក្យបណ្តឹងហើយនោះ កម្លាំងអាវុធហត្ថក្រុងចំនួន៥នាក់ ដឹកនាំដោយលោកវរ:សេនីយ៍ត្រី ជា ដា ចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួចបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។

លោកវរៈសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានអោយដឹងថា ជនសង្ស័យឈ្មោះ ឈិន ឈៀប ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានអោយដឹងទៀតថា ក្រោយពីសមត្ថកិច្ចសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានជំរិតទារប្រាក់ពី២នាក់ប្ដីប្រពន្ធចំនួន២០០០បាត និងបានគំរាមសម្លាប់អ្នកជិតខាងដូចការចោទប្រកាន់របស់ឈ្មោះវង្ស សុគន្ធរ័ត្នពិតប្រាកដមែន។

លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ដោយបានស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់នៃបទល្មើសយ៉ាងជាក់លាក់នោះ ដូច្នេះជនសង្ស័យឈ្មោះ ឈិន ឈៀប ត្រូវបានអាវុធហត្ថជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

3 1 2


ចែករំលែក៖