ព័ត៌មានទាន់ហេតុការណ៍៖

ចាប់យុវជនម្នាក់​ពីបទរួមភេទជាមួយអនីតិជន

ចែករំលែក៖

ខេត្តកំពង់ចាម៖ យុវនារីម្នាក់ និងប្រុសស្នេហ៍ដែលពង្រត់គ្នាចេញពីផ្ទះកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ត្រូវអាណាព្យាបាល និងសមត្ថកិច្ចរកឃើញនៅរសៀលថ្ងៃទី២៥ ខែតុលា ហើយសមត្ថកិច្ចបាននាំខ្លួនយុវជនជាប់សង្ស័យបញ្ជូនទៅសាលាដំបូងខេត្តពីបទរួមភេទជាមួយអនីតិជន ។

តាមសម្តីនារីរងគ្រោះ អាយុ១៤ឆ្នាំ មានទីលំនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមបានឲ្យដឹងថា ប្រហែល១ឆ្នាំមុន នាងបានមករត់តុកាហ្វេក្នុងភូមិបានកម្រៃ៣៥ម៉ឺនរៀលក្នុងមួយខែ ។ ក្នុងពេលនាងរត់តុនោះ បានស្គាល់យុវជនម្នាក់ឈ្មោះ ម៉ាន ហាំហ្សៈ ដែលជាម៉ូយផឹកកាហ្វេហើយក៏បានស្រឡាញ់គ្នា ។ ក្រោយមក ឈ្មោះ ហាំហ្សៈ បានទៅធ្វើកម្មករនៅខេត្តស្ទឹងត្រែង ឃ្លាតឆ្ងាយពីគ្នា ប៉ុន្តែបានទាក់ទងតាមទូរស័ព្ទជាច្រើនដង ។ នៅគ្រានោះឈ្មោះ ហាំហ្សៈ បានប្រាប់ថា បើស្រឡាញ់គាត់ ឲ្យនាងទៅរស់នៅខេត្តស្ទឹងត្រែង ។

នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៦យប់ នាងបានទាក់ទងមិត្តភក្តិប្រុសម្នាក់ឲ្យយកម៉ូតូឌុបនាងទៅម្តុំត្រើយ ដោយនាងលបចេញពីផ្ទះមិនឲ្យឪពុកម្តាយដឹងទេ ។ ពេលមកដល់ផ្លូវលេខ៦០ នាងបានឃើញមិត្តភក្តិ នាងឲ្យបុរសម្នាក់ទៀតមិនស្គាល់ឈ្មោះមកឌុបនាង យកទៅទម្លាក់នៅម្តុំត្រើយ ដោយនាងរង់ចាំជិះរថយន្តទៅខេត្តស្ទឹងត្រែង ។ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែតុលា នាងបានឡើងជិះរថយន្តទួរីស ក្នុងបំណងទៅជួប ហាំហ្សៈ តែមកហួសក្រុងកំពង់ចាមបន្តិច ក៏ជួបនឹងហាំហ្សៈ កំពុងជិះម៉ូតូមកទទួលនាង ។

បន្ទាប់មក ឈ្មោះ ហាំហ្សៈ បានឌុបនាងទៅខ្ទមចាំចម្ការមួយដែលនាងមិនស្គាល់ រួចក៏បានដេកនៅផ្ទះសំណាក់ក្រុងកំពង់ចាម ហើយបានរួមភេទពីរលើក ។ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ អ្នកទាំងពីរបាននាំគ្នាមកភ្នំពេញដេកស្នាក់នៅបន្ទប់ជួលមួយកន្លែង ហើយបានរួមភេទ២លើកទៀត ។

នៅរសៀលថ្ងៃទី២៥ ខែតុលា ឈ្មោះ ហាំហ្សៈ បាននាំនាងមកផ្ទះឪពុកម្តាយរបស់ខ្លួននៅភូមិព្រៃខ្ជាយ ឃុំជ្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយក៏ត្រូវឪពុកម្តាយនាងតាមទាន់ ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។

ឈ្មោះម៉ាន ហាំហ្សៈ ហៅញ៉ុន បានសារភាពថា ខ្លួនពិតជាបាននាំគ្នាចេញពីផ្ទះដើម្បីទៅរស់នៅខេត្តស្ទឹងត្រែង តែមិនទាន់ទៅផង ខ្លួន និងនាងនាំគ្នាដេកផ្ទះសំណាក់នៅខេត្តកំពង់ចាម និងនៅរាជធានីភ្នំពេញ ព្រមទាំងរួមភេទជាមួយគ្នាបួនប្រាំដង ។

លោក ថុល ម៉េង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកំពង់ចាមបញ្ជាក់ថា ឈ្មោះ ហាំហ្សៈ ជាមនុស្សញៀនថ្នាំពេញបន្ទុក និយាយប៉ប៉ាច់ប៉ប៉ោច ដែលសមត្ថកិច្ចពិបាកធ្វើការ ។ តែយ៉ាងណា នគរបាលបានឃាត់ខ្លួនបញ្ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមដោយចោទពីបទរួមភេទជាមួយអនីតិជន ៕ នួន នរិន្ទ្រន៍

0000


ចែករំលែក៖