ខេត្តព្រះសីហនុ ៖ លោកស្រ៊ុន ស៊្រន់ អភិបាលរងខេត្តព្រះសីហនុ កាលពី រសៀល ថ្ងៃទី២៥ ខែតុលា បានប្រកាសថា នឹងកាត់ដីនៅក្នុងតំបន់ប្រើប្រាស់ច្រើន យ៉ាងព្រែកទឹកសាបក្បាលឆាយ ដែលជា តំបន់ការពារដោយអនុក្រឹត្យលេខ១១៦ ឲ្យដល់ប្រជាពលរដ្ឋ២០៣គ្រួសារ បន្ទាប់ ពីពលរដ្ឋទាំងនោះបានដាក់ពាក្យស្នើសុំ សិទ្ធិកាន់កាប់ស្របច្បាប់ ។
លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត ព្រះសីហនុបានថ្លែងថា ពលរដ្ឋទាំង២០៣ គ្រួសារដែលបានដាក់ពាក្យស្នើសុំទៅអាជ្ញាធរខេត្ត ដើម្បីបានសិទ្ធិកាន់កាប់រស់នៅស្របច្បាប់នោះ ឥឡូវរាជរដ្ឋាលភិបាលបាន សម្រេចហើយដោយកាត់ដីមួយចំណែក ។ ប៉ុន្តែមិនមែនបានន័យថា ប្រជាពលរដ្ឋ ដែលធ្លាប់រស់នៅកន្លែងណាឲ្យដីកន្លែង នោះវិញទេ គឺអាជ្ញាធរនឹងរៀបចំឲ្យរស់នៅ ជាលក្ខណៈប្រមូលផ្តុំដោយបែងចែកដីជាឡូតៗទំហំស្មើៗគ្នា ។
ជាមួយគ្នានេះអភិបាលរងខេត្តព្រះ សីហនុក៏បានសំណូមពរដល់ពលរដ្ឋ ត្រូវតែបញ្ឈប់ជាបន្ទាន់សកម្មភាពកាប់ បំផ្លាញព្រៃឈើរុករានទន្ទ្រានយកដីកាន់កាប់ ដោយខុសច្បាប់ ឬការសាងសង់ផ្ទះថ្មីលើដីតំបន់ហាមឃាត់ ។ បើពុំដូច្នេះទេអាជ្ញាធរខេត្តនឹងចាត់វិធានការតាមច្បាប់ដោយគ្មានការយោគយល់ឡើយ ។
គួរបញ្ជាក់ថា ដីតំបន់អនុក្រឹត្យជម្រាល ក្បាលឆាយ ដែលមានទីតាំងនៅចំណុច ខាងក្រោយបន្ទាយយោធាសឹករងខេត្ត ព្រះសីហនុដើមឡើយអ្នករស់នៅតំបន់ នោះភាគច្រើន ជាក្រុមគ្រូសារយោធា ប៉ុន្តែ ក្រោយមកពួកគេបានលក់ដីឲ្យទៅអ្នក ផ្សេងៗជាហូរហែរ ។ ចំណែកអ្នកខ្លះបានបែងចែកឲ្យកូនចៅរស់នៅបន្តជាហេតុធ្វើប្រជាពលរដ្ឋរស់នៅតំបន់នោះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំហើយរហូតមកដល់ពេលនេះ បើតាមតួលេខមានប្រមាណជិត៣០០ គ្រួសារហើយ ៕ ឆ្លាមសមុទ្រ