ខេត្តបន្ទាយមានជ័យៈ កម្លាំងចម្រុះដឹកនាំដោយលោកជូ បុត្រ អភិបាលស្រុកភ្នំស្រុក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅភូមិត្រពាំងថ្មកណ្ដាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ក្នុងរដូវបិទនេសាទនេះ។
លោកវរៈសេនីយ៍ឯកប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថាៈអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងចម្រុះមាន÷ខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យ និងរដ្ឋបាលស្រុកភ្នំស្រុក កងរាជអាវុធហត្ត មន្ត្រីបរិស្ថាន មន្ត្រីអង្គការWCS មេឃុំប៉ោយចារ និងសហគមន៍នេសាទ បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចអាងត្រពាំងថ្ម ស្ថិតក្នុងភូមិសាស្ត្រឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបន្តថាៈជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្រុមការងារជំនាញសម្រេចបាន៖ ១ករណីដែលក្នុងនោះរឹបអូសបានមានដូចជា៖ លូស្បៃមុងចំនួន ២៤០គ្រឿង លបសាច់អួនកែច្នៃចំនួន ៤៥គ្រឿង ស្បៃមុងប្រវែង ៣៥០០ម៉ែត្រ បង្គោលឫស្សីចំនួន ១២០ដើម និងបានចាក់លែងត្រីចម្រុះចំនួន ១០០គីឡូក្រាម។ ចំណែកឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ខាងលើ ត្រូវបានរុះរើ និងដុតបំផ្លាញចោលនៅនឹងកន្លែង។ជាមួយគ្នានោះដែរ លោកជូ បុត្រអភិបាលស្រុកភ្នំស្រុក បានអំពាវនាវដល់ប្រជានេសាទទាំងអស់ នៅក្នុងរដូវបិទនេសាទនេះសូមកុំឲ្យនេសាទដោយប្រើប្រាស់នៅឧបករណ៍ខុសច្បាប់ជាពិសេសប្រើប្រាស់អូនស្បៃមុងក្រឡាញឹក ឧបករណ៍ឆក់ដែលច្បាប់ហាមឃាត់ ប្រសិនបើស្រោកជ្រាវរកឃើញថាមានបុគ្គលដែលនៅតែប្រព្រឹត្តប្រើប្រាស់ឧបករណ៍ហាមឃាត់ដូចជាស្បៃមុង អូនក្រឡាញឹកនិងឧបករណ៍ឆក់ត្រី សមត្ថកិច្ចនឹងឃាត់ខ្លួនចាត់វិធានការតាមច្បាប់ ៕វណ្ណា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច