អង់គ្លេសបានសម្រេចបញ្ជូនកម្លាំង ទាហានប្រមាណ១.០០០នាក់ រួមជាមួយអាវុធធុនធ្ងន់ជាច្រើនទៅកាន់ព្រំដែនជាប់ប្រទេសរុស្ស៊ី។ សកម្មភាពបែបនេះគឺជា ការដាក់គំនាបយ៉ាងខ្លាំងទៅលើរុស្ស៊ីក្នុងពេលដែលរុស្ស៊ីបានបញ្ជូនអាវុធទំនើបៗជាច្រើនទៅកាន់ព្រំដែនជាប់អឺរ៉ុប។
ទាហានអង់គ្លេសប្រមាណជិត១ពាន់នាក់រួមជាមួយរថក្រោះរថពាសដែកយន្តហោះគ្មានមនុស្សបើកត្រូវបានបញ្ជូនទៅកាន់ប្រទេសអេស្តូនៀ នៅដើមឆ្នាំ២០១៧ដើម្បីជួយដល់ប្រទេសតំបន់បាល់ទិកគេចផុតពីការគំរាមកំហែងរបស់រុស្ស៊ី។
សារព័ត៌មាន តេឡេក្រាប បានផ្សាយ ថា នេះជាសកម្មភាពដាក់ពង្រាយកម្លាំង ទាហានរយៈពេលយូររបស់អង់គ្លេស និង មានចំនួនច្រើនបំផុតចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់។
តាមការប្រកាសរបស់ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា កម្លាំងទាហាន ទាំងនោះនឹងឈរជើងនៅក្នុងទីតាំងយោធា Tapa ក្នុងរយៈពេល៦ខែដើម្បីបង្កើតទៅជាកងពលមួយក្នុងចំណោម៤របស់ណាតូ ដែលបានដាក់ពង្រាយនៅប្រទេសតំបន់សមុទ្របាល់ទិកសម្រាប់ទប់ស្កាត់រុស្ស៊ី។
ការប្រកាសបញ្ជូនទាហានរបស់អង់គ្លេស ទៅកាន់ព្រំដែនជាប់រុស្ស៊ីនេះកើតឡើងក្នុងពេលដែលទំនាក់ទំនងរវាងរុស្ស៊ីនឹងណាតូកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃដោយ សារតែហេតុការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែននិងស៊ីរី។
កាលពីដើមខែតុលារុស្ស៊ីបានបញ្ជូនកាំជ្រួចមីស៊ីលទំនើបរបស់ខ្លួនប្រភេទ Iskander-M ទៅកាន់តំបន់ទាំងនៅ Kaliningrad ចន្លោះប្រទេសប៉ូឡូញ និងប្រទេស ឡាតវៀដែលជាប្រទេសសមាជិកណាតូ។ សកម្មភាពរបស់រុស្ស៊ីគឺជាការតបតទៅនឹងការដាក់ពង្រាយទាហានណាតូនៅតំបន់សមុទ្របាល់ទិក។ ការដាក់ពង្រាយនោះ រុស្ស៊ីបានបញ្ជាក់ថា នេះជាផ្នែកមួយនៃការធ្វើសមយុទ្ធជាប្រចាំក្នុងគោលដៅការពារទឹកដីរុស្ស៊ី។ ចំណែកប្រទេសជាសមាជិក ណាតូវិញបានបញ្ជាក់ថា នេះជាការបង្ហាញ ពីឥទ្ធិពលយោធាក្នុងគោលដៅគំរាមប្រទេស ជិតខាងនិងអឺរ៉ុបទាំងមូល។
ក្រៅពីអង់គ្លេសប្រទេសជាច្រើននៅក្នុង តំបន់ក៏បានបញ្ជូនកម្លាំងទាហានរបស់ខ្លួននិងអាវុធទៅកាន់ព្រំដែនជាប់រុស្ស៊ីសម្រាប់ទប់ទល់នឹងហេតុការណ៍អាក្រក់ដែលអាចកើតឡើង។ កន្លងមកអាល្លឺម៉ងក៏បាន ប្រកាសបញ្ជូនកម្លាំងទាហាននិងអាវុធទៅកាន់ប្រទេសជាប់ព្រំដែនរុស្ស៊ីដូចគ្នាដែរ។
ការបញ្ជូនកម្លាំងទាហានរបស់អង់គ្លេសនាពេលនេះក្រោយពេលដែលណាតូបានស្នើបញ្ជូនទាហាន៤កងពលនិងអាវុធទៅកាន់ប្រទេសនៅតំបន់សមុទ្របាល់ទិក សម្រាប់ទប់ស្កាត់នឹងការគំរាមកំហែងពី រុស្ស៊ី។
ចាប់ពីឆ្នាំ២០១៧ទៅកងទ័ពពហុជាតិ របស់ណាតូ៤កងពលមានគ្នា៤.០០០នាក់ នឹងដាក់ឲ្យឈរជើងជាអចិន្ត្រៃយ៍នៅប្រទេស ប៉ូឡូញ និងប្រទេសតំបន់បាល់ទិកចំនួន៣ គឺអេស្តូនី លីទុយអានី និងឡេតូនី។ បើនិយាយពីភូមិសាស្ត្រឈរជើងនេះគឺនៅជាប់ព្រំដែនខាងលិចរុស្ស៊ីផ្ទាល់តែម្តង។
ករណីមានកិច្ចការអ្វីបន្ទាន់កងពលទាំង ៤នេះនឹងមានកម្លាំងជំនួយ៤ម៉ឺននាក់ផ្សេងទៀតដែរ។ ប្រទេសជាច្រើនដូចជាបារាំង ដាណឺម៉ាក ឬអុីតាលី នឹងចូលរួមក្នុងកងពល ទាំង៤នេះ។ អុីតាលីបានប្រកាសដាក់ពង្រាយ ទាហានរបស់ខ្លួន១៤០នាក់ ក្រោមស្លាក អូតង់រួចហើយ។ និយាយរួមទៅការពង្រាយ កម្លាំងយោធានេះក៏ជាការឆ្លើយតបនឹងរុស្ស៊ី ដែលកាលពីខែមុនលែងសន្យាចូលរួមអនុវត្តកិច្ចព្រមព្រៀងសាយភាយអាវុធនុយក្លេអ៊ែរនោះ។
រឿងពង្រាយយោធាក្បែរទឹកដីរុស្ស៊ីនេះរុស្ស៊ីបានរិះគន់អូតង់ច្រើនហើយ។ សម្រាប់ ក្រុងមូស្គូនេះជាយុទ្ធសាស្ត្រជាលេសរបស់អូតង់ដើម្បីរំកិលហេដ្ឋារចនាសម្ព័ន្ធយោធា មកជិតព្រំដែនរុស្ស៊ីតែប៉ុណ្ណោះ។ ជាលេសដើម្បីបំផ្លាញសមតាយោធានៅអឺរ៉ុប។ លោក ពូទីន ធ្លាប់ចោទអូតង់ថា ចេះតែអូសទាញ រុស្ស៊ីឲ្យប្រណាំងប្រជែងអាវុធយ៉ាងវក់វី។
ទោះជាយ៉ាងណាក៏អគ្គលេខាធិការអូតង់ លោក ចេន ស្តូលតិនប៊ើរ បានអះអាងថា ការពង្រាយកម្លាំងនេះមិនមែនដើម្បីផ្គើន ឲ្យមានការប្រយុទ្ធឬការប៉ះទង្គិចគ្នាណា មួយទេ តែដើម្បីទប់ស្កាត់មិនឲ្យមានការប៉ះទង្គិចគ្នាកើតឡើងទៅវិញទេ។
សកម្មភាពខាងលើកើតឡើងក្រោយពេលដែលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអូតង់ ថ្ងៃពុធនេះ គឺដើម្បីបន្តពិភាក្សា និងចាត់ចែង ការពង្រាយកងទ័ពនៅតាមប្រទេសសមា ជិកនៅអឺរ៉ុបខាងកើតក្នុងតំបន់បាល់ទិក និងប៉ូឡូញ។ ទិសដៅគឺដើម្បីអាចអនុវត្ត គម្រោងពង្រាយកម្លាំងយោធានៅអឺរ៉ុបខាង កើតនេះឲ្យសម្រេចឡើងនៅឆ្នាំ២០១៧ ក្រោយនេះ។
ការអនុវត្តការពង្រាយកម្លាំងយោធា អូតង់គឺដើម្បីប្រឈមការគំរាមពីរុស្ស៊ី បើ រុស្ស៊ីចង់ឈ្លានពានចូលអឺរ៉ុបខាងកើត។ ឆ្នាំ២០១៤ រុស្ស៊ីបានភ្ជាប់តំបន់គ្រីមៀអ៊ុយក្រែនចូលជាកម្មសិទ្ធិរបស់រុស្ស៊ី។ បញ្ហាគ្រីមៀនេះឯងជាប្រភពនាំឲ្យទំនាក់ទំនងរវាងអូតង់ ប្រទេសលោកខាងលិចនឹងរុស្ស៊ីកាន់តែតានតឹង។
សកម្មភាពយោធារុស្ស៊ីមួយរយៈចុងក្រោយនេះធ្វើឲ្យអូតង់បារម្ភណាស់។ ជាក់ ស្តែងដើមខែនេះរុស្ស៊ីបានផ្អាកកិច្ចព្រម ព្រៀងជាមួយអាមេរិកទាក់ទងនឹងការកម្ទេច ជាតិភ្លុយតូនីញ៉ូមដែលគេប្រើសម្រាប់ផលិត អាវុធនុយក្លេអ៊ែរ។ រុស្ស៊ីបានបញ្ជូនប្រព័ន្ធមីស៊ីលទៅប្រចាំការនៅខែត្តកាលីនីនក្រាត ភាគខាងលិចជាប់ព្រំដែនប៉ូឡូញ និងលីទុយ អានី។ រុស្ស៊ីបានបង្កើតរឺបើកទ្វារឡើងវិញ នូវមូលដ្ឋានទ័ពរបស់ខ្លួននៅបរទេសច្រើនកន្លែងមាននៅតំបន់ហ្ស៊កហ្ស៊ី ដូចជានៅ អូសេទីខាងត្បូង ឬនៅរដ្ឋអាប់ខាហ្ស៊ីជា ដើម។
សប្តាហ៍កន្លងទៅប្រទេសសមាជិកអូតង់ ឃើញវត្តមាននាវាចម្បាំងរុស្ស៊ីធ្វើដំណើរកាត់តាមអឺរ៉ុបទៅសមុទ្រមេឌីទែររ៉ាណេធ្វើឲ្យអូតង់គិតថា រុស្ស៊ីអាចលួចទៅវាយប្រហារ ក្រុងអាឡិបនៅស៊ីរី។
សកម្មភាពយោធារុស្ស៊ីធ្វើឲ្យប្រទេសសមាជិកអូតង់បារម្ភពីសុវត្ថិភាពខ្លួន ពិសេស អឺរ៉ុបខាងកើត និងខាងជើងដែលមានព្រំដែន ជាប់រុស្ស៊ី។ ដូច្នេះអូតង់ត្រូវតែអនុវត្តការ ពង្រឹងកម្លាំងយោធាតាមប្រទេសសមាជិកអឺរ៉ុបខាងកើតឲ្យបាននៅឆ្នាំក្រោយនេះ៕ ម៉ែវ សាធី