ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនបរទេសខុសច្បាប់ ៩៣២នាក់ ចេញពីប្រទេស ក្នុងនោះមាន ២៣សញ្ជាតិ និងពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា Online Scams

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៩៣២នាក់ (ស្រី ១៤៧នាក់) មាន ២៣សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

​អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់តាំងឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តអនុវត្តនីតិវិធីបណ្ដេញចេញនូវក្រុមជនបរទេសទាំងនោះជាបន្តបន្ទាប់។

​ជនបរទេសទាំង ២៣សញ្ជាតិ រួមមាន៖ ចិន, អ៊ូហ្គង់ដា, បង់ក្លាដេស, ប៉ាគីស្ថាន, ថៃ, ចិនតៃវ៉ាន់, នេប៉ាល់, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ឥណ្ឌា, មីយ៉ាន់ម៉ា, កូរ៉េ, វៀតណាម, នីហ្សេរីយ៉ា, ជប៉ុន, ឡាវ, អង់គ្លេស, លីប៊េរីយ៉ា, រុស្ស៊ី, ស្រីលង្កា, សិង្ហបុរី, នូវែលហ្សេឡង់ និងអ៊ូស្បេគីស្ថាន។

​ក្នុងចំណោមនោះ មានករណីពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រួមមាន៖

​ជនជាតិចិន ១៦២នាក់ (ស្រី ០២នាក់): ត្រូវបានបណ្ដេញចេញតាមយន្តហោះពិសេស  តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

​ជនជាតិវៀតណាម ១៩នាក់ (ស្រី ០៨នាក់): ត្រូវបានបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី (ខេត្តព្រៃវែង)។

​ជនជាតិថៃ ១៧នាក់ (ស្រី ០៨នាក់): ត្រូវបានបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម (ខេត្តកោះកុង)។

​ចំណែកជនបរទេសផ្សេងទៀត ត្រូវបានបណ្ដេញចេញតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយសារប្រព្រឹត្តបទល្មើសផ្សេងៗដូចជា៖ ការលួចឆ្លងដែន, បន្លំឯកសារ, ស្នាក់នៅគ្មានលិខិតឆ្លងដែន, ចាប់ជំរិទទារប្រាក់, ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ), ជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។

​ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសំអាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។

​ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបានខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕ដោយ​៖តារា​


ចែករំលែក៖