សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា មិនមែន គ្រាន់ តែជាការឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃប៉ុណ្ណោះទេ តែជាការបក ស្រាយ យ៉ាងច្បាស់អំពីជំហរច្បាប់អន្តរជាតិរបស់កម្ពុជា និងជាការរំលឹកអំពីមូលហេតុដែលថៃកំពុងយកមកធ្វើ ជា លេសដើម្បីចង់ពន្យារពេលការចរចាព្រំដែនគោក។
ចំណុចស្នូលនៃការជជែកវែកញែកពេលនេះ គឺការអះអាងរបស់ភាគីថៃថា ការដែលកម្ពុជាបានដំណើរការ យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តី ពី នីតិ សមុទ្រ (UNCLOS) នោះគឺបាន “បិទទ្វារ” ចំពោះការចរចាព្រំដែនគោក។ ប៉ុន្តែនៅពេលយកមក ពិនិត្យ តាម គោលការណ៍ច្បាប់អន្តរជាតិ ការអះអាងនេះមិនមានមូលដ្ឋានច្បាស់លាស់ឡើយ ព្រោះការ លើក ឡើងនេះបាន រួមបញ្ចូលគ្នានូវបញ្ហាច្បាប់ពីរដែលមានមូលដ្ឋាន និងយន្តការដោះស្រាយផ្សេងពីគ្នា ទាំងស្រុង។
ព្រំដែនគោក និងព្រំដែនសមុទ្រ មិនស្ថិតនៅក្រោមច្បាប់តែមួយឡើយ។ ព្រំដែនគោករវាងកម្ពុជា- ថៃ ត្រូវ អនុវត្តតាមអនុសញ្ញាឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ ជាផែនទីដែលបង្កើតឡើងដោយ គណៈ កម្ម ការ ចម្រុះបារាំង-សៀម និងសាលក្រមតុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ព្រមទាំងអនុស្ស រណៈ យោគយល់គ្នាឆ្នាំ២០០០ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាដាក់ឲ្យប្រើប្រាស់ជាក្រប ខណ្ឌ ការ ងារ របស់ គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក JBC។ ចំណែកឯព្រំដែនសមុទ្រ ត្រូវស្ថិតក្រោម អនុ សញ្ញា UNCLOS ដែលជាច្បាប់អន្តរជាតិសម្រាប់គ្រប់គ្រងសមុទ្រ ដែលកម្ពុជាបានចាប់យក យន្តការ នេះ មកអនុវត្តបន្ទាប់ពីភាគីថៃខ្លួនឯងបានប្រកាសលប់ចោលអនុសារណៈយោគ យល់គ្នា ឆ្នាំ ២០០១ ដោយ ឯក តោភាគីដោយឈរលើមូលដ្ឋានថាអនុស្សរណៈនេះមិនមានវឌ្ឍនភាព។ ដូច្នេះ ការភ្ជាប់ បញ្ហាទាំងពីរ បញ្ចូល គ្នា គឺមិនមានមូលដ្ឋានច្បាប់ណាមួយច្បាស់លាស់ឡើយ។
ក្នុងន័យនេះ កម្ពុជាកំពុងបញ្ជូនសារយ៉ាងច្បាស់ថា ការជ្រើសរើសយន្តការក្រោមអនុសញ្ញា UNCLOS គឺ ជាការអនុវត្តសិទ្ធិស្របច្បាប់របស់រដ្ឋអធិបតេយ្យមួយ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះ វិវាទព្រំដែនសមុទ្រ បន្ទាប់ពីមិនមានយន្តការទ្វេភាគីណាមួយដែលអាចដោះស្រាយបញ្ហានេះបានទៀត។ ដូច្នេះ ការសម្រេចចិត្តនេះមិនមែនជាការបដិសេធការចរចាទ្វេភាគីលើព្រំដែនគោកឡើយ ព្រោះព្រំដែន គោក និងព្រំដែនសមុទ្រជាបញ្ហាពីរដែលស្ថិតក្រោមក្របខ័ណ្ឌច្បាប់ និងយន្តការដោះស្រាយខុសគ្នា។
ផ្ទុយទៅវិញ ប្រសិនបើភាគីថៃយកការដំណើរការយន្តការ UNCLOS មកធ្វើជាហេតុផលដើម្បីផ្អាកឬ ពន្យារ ពេលការងាររបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក JBC នោះ វាមិនមែនជាហេតុផល ដែលអាច ទទួលយកបានឡើយ ប៉ុន្តែជាការបង្កើតលេសដើម្បីពន្យារពេលដោយចេតនា ដែល ឆ្លុះ បញ្ចាំង ពីការ ខ្វះ ឆន្ទៈក្នុងការបន្តការចរចាទ្វេភាគីលើព្រំដែនគោកជាមួយកម្ពុជាទៅវិញទេ។ ម្យ៉ាងទៀត ប្រ សិន បើមានភាគី ណាមួយកំពុងបិទទ្វារចំពោះការចរចាទ្វេភាគីលើព្រំដែនគោក នោះមិនមែនជាកម្ពុជាទេ ប៉ុន្តែគឺជាភាគីថៃ ខ្លួនឯង ដែលកំពុងយកវិវាទព្រំដែនសមុទ្រមកភ្ជាប់ដើម្បីរារាំងការបន្ត ដំណើរនៃការកំណត់ ព្រំដែនគោក។
អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះ គឺហេតុផលដែលធ្វើឲ្យការអះអាងរបស់ភាគី ថៃកាន់ តែខ្សោយ នោះគឺ នាយករដ្ឋមន្ត្រីថៃខ្លួនឯងធ្លាប់បានប្រកាសជាសាធារណៈនៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ថាថៃ បាន សម្រេច លុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ជាមួយកម្ពុជាហើយ។ ការសម្រេចចិត្តនេះ មានន័យថា ថៃខ្លួនឯងបានដកខ្លួនជាឯកតោភាគីចេញពីយន្តការទ្វេភាគីផ្លូវការតែមួយគត់ សម្រាប់ ដោះ ស្រាយបញ្ហាព្រំដែនសមុទ្រជាមួយកម្ពុជា ទោះបីជាកម្ពុជាបានអំពាវនាវឱ្យរក្សាយន្តការនេះទុកក៏ដោយ។
លើសពីនេះទៅទៀត កន្លងមកថៃក៏ធ្លាប់បង្ហាញជំហរគាំទ្រការប្រើប្រាស់យន្តការក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយវិវាទដែនសមុទ្រផងដែរ។ ប៉ុន្តែនាពេលនេះ បែរជាយកការដែល កម្ពុជា ប្រើ ប្រាស់ យន្តការដូចគ្នានេះមកធ្វើជាហេតុផលដើម្បីផ្អាកការចរចាព្រំដែនគោកទៅវិញ។ ភាពផ្ទុយគ្នានៃជំហរ បែបនេះ មិនត្រឹមតែបង្ហាញពីការដើរផ្ទុយគ្នាក្នុងជំហរនយោបាយរបស់ថៃប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងអាចធ្វើឲ្យសហគមន៍អន្តរជាតិចោទជាសំណួរអំពីភាពស្មោះត្រង់ និងឆន្ទៈពិតប្រាកដ ភាគីថៃ ក្នុងការ គោរព និងអនុវត្តគោលការណ៍ច្បាប់អន្តរជាតិផងដែរ។
សេចក្តីថ្លែងការណ៍របស់កម្ពុជាមានន័យនយោបាយ និងយុទ្ធសាស្ត្រច្បាស់លាស់ ដោយបង្ហាញថា កម្ពុជា កំពុងព្យាយាមបំបែក “ការចងភ្ជាប់បញ្ហា” ដែលថៃកំពុងប្រើនេះជាចេតនាធ្វើឲ្យបញ្ហានេះ ក្លាយជា ឧប ករណ៍មួយសម្រាប់ពន្យារពេល ឬបង្កើនអំណាចចរចា។ ប៉ុន្តែកម្ពុជា កំពុងទាមទារឲ្យ បញ្ហានីមួយៗ ត្រូវ ដោះ ស្រាយតាមក្របខណ្ឌច្បាប់ និងយន្តការដែលបានព្រមព្រៀងគ្នា រួចហើយ។
ចំនុចសំខាន់ផ្នែកការទូតមួយទៀត គឺកម្ពុជាបានលើកឡើងពីការគាំទ្ររបស់សភានៃប្រទេស និយាយ ភា សា បារាំង ដែលបានអំពាវនាវឲ្យបន្តដំណើរការកំណត់ព្រំដែនតាមរយៈ JBC និងបញ្ជាក់ការគាំទ្រអធិប តេយ្យ ភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ទោះបីសេចក្តីសម្រេចនេះមិនមានអំណាចបង្ខំ ក៏ដោយ ប៉ុន្តែនេះជាការបង្កើនទម្ងន់ផ្នែកនយោបាយ និងបង្ហាញថា បញ្ហានេះកំពុងទទួលបានការយកចិត្តទុកដាក់ ពី សហគមន៍អន្តរជាតិ។
ជាមួយគ្នានោះ កម្ពុជាក៏រំលឹកជាថ្មីអំពីសាលក្រម ICJ ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ព្រមទាំង អនុសញ្ញា ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ដែលជាមូលដ្ឋានច្បាប់សម្រាប់ការកំណត់ព្រំដែនគោក។ ការរំលឹក នេះ មានន័យថា កម្ពុជាកំពុងបញ្ជាក់ថា វិវាទព្រំដែនគោកមិនមែនជាបញ្ហាដែលគ្មានគោលដៅច្បាប់នោះទេ ប៉ុន្តែមានឯកសារច្បាប់ និងសាលក្រមអន្តរជាតិដែលត្រូវតែគោរព។
ជាចុងក្រោយ ឃ្លាដែលមានទម្ងន់បំផុតនៅក្នុងសេចក្តីថ្លែងការណ៍ គឺការព្រមានថា ការពន្យារ ពេល នៃ ដំណើរការកំណត់ព្រំដែនដោយគ្មានកាលកំណត់ ដើម្បីបន្តកាន់កាប់ទឹកដីដែលកម្ពុជានេះគឺចាត់ទុកថាជា ការ កាន់កាប់ដោយខុសច្បាប់ និងរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ជារួម សេចក្តីថ្លែងការណ៍នេះបង្ហាញថា កម្ពុជាកំពុងព្យាយាមផ្លាស់ប្តូរសមរភូមិពីការប្រកួត ប្រជែងផ្នែក នយោបាយ ទៅកាន់ការប្រកួតប្រជែងលើមូលដ្ឋានច្បាប់។ សារសំខាន់បំផុតគឺ ការដោះស្រាយ ព្រំដែន សមុទ្រតាម UNCLOS និងការបន្តការងារព្រំដែនគោកតាមយន្តការ JBC មិនមែនជាជម្រើស ដែល ត្រូវជ្រើសរើសយកមួយបោះបង់ចោលមួយនោះឡើយ។ ផ្ទុយទៅវិញ វាជាដំណើរការច្បាប់ពីរត្រូវបន្ត ដំណើរការស្របគ្នា ប្រសិនបើភាគីថៃមានឆន្ទៈពិតប្រាកដក្នុងការបញ្ចប់វិវាទព្រំដែនដោយសន្តិវិធី និង ស្រប តាមច្បាប់អន្តរជាតិ៕

ដោយ៖ពិន វិជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច