ខេត្តព្រៃវែង៖ សកម្មភាពចេញឈើល្មើសច្បាប់យ៉ាងគគ្រឹកគគ្រេងដោយប្រើប្រាស់រថយន្តយីឌុប ធ្វើជាធម្យោបាយដឹកជញ្ជូននោះ កំពុងលួចដឹកឆ្លងទៅប្រទេសវៀតណាមតាមច្រកចក្រី ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ។ យ៉ាងតិចក្នុងមួយថ្ងៃមានរថយន្តយីឌុបចាប់ពី៣ទៅ៥គ្រឿង ដឹកប្រភេទឈើក្រហម ឈើសុក្រំមូល សុក្រំខ្នាត ហើយក៏មានឈើប្រណីតផងដែរ ។ សកម្មភាពនេះ បានដំណើរការជិត១ខែមកហើយ បន្ទាប់ពីសកម្មភាពដឹកជញ្ជូនឈើនៅភូមិភាគ ឦសាន្តត្រូវបានស្ងាត់មួយរយៈ ។
ប្រភពនៅទីនោះបានអះអាងថា ឈើភាគច្រើនដឹកចេញពីតំបន់ព្រៃឡង់ ចេញពីក្រុមហ៊ុន៩៥ និងមួយចំនួនទៀតចេញពីក្រុមហ៊ុនយីឌុប ប្រើម៉ាស៊ីនខ្នាតធំៗ លួចកាត់រលំ នៅក្នុងតំបន់ព្រៃឡង់ ។
មួយសប្តាហ៍មុន អាជ្ញាធរខេត្តព្រៃវែងបានបិទច្រកចក្រីនេះមួយដង្ហើមចង្រឹតផងដែរ បន្ទាប់ពីការប្រមូលលុយពីឈ្មួញ ហាក់ចែកប្រយោជន៍គ្នាមិនស្មើ ពេលនោះ ក៏មានវត្តមានថៅកែជនជាតិវៀតណាមជាច្រើននាក់ ចូលមកសម្របសម្រួលជាមួយសមត្ថកិច្ច អាជ្ញាធរនៅទឹកដីកម្ពុជា ដែលគេបានឃើញយ៉ាងច្បាស់ពីវត្តមានរបស់នគរបាលសេដ្ឋកិច្ចខេត្តព្រៃវែង ចរចាជាមួយក្រុមឈ្មួញ នៅចំណុចស្ថានីយប្រេងតេលា ជិតរង្វង់មូលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
បើហួសពីច្រកចក្រី មានសមត្ថកិច្ចជាច្រើនស្ថាប័ននៅប្រចាំការ ក៏ដូចជានាំគ្នាទៅពួនស្ទាក់ ពង្រឹងចាំដ៏សម្បូរបែបក៏ដោយ សកម្មភាពចរាចរណ៍ឈើខុសច្បាប់ នៅតែកើតមាន ។ បញ្ហានេះ គួរណាស់តែ គណៈបញ្ជាការឯកភាពខេត្តព្រៃវែង ក៏ដូចជាស្ថាប័នពាក់ព័ន្ធ មានវិធានការបង្ក្រាប អនុវត្តឲ្យខាងតែបាន នូវបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ៕ សុខ ខេមរា