ភ្នំពេញៈ ក្រោយពីបានបែកបាក់បុរសជាជនជាតិប៉ាគីស្ថាន បាន២ឆ្នាំ ពេលនេះតារាស្រីរាងខ្ពស់កញ្ញា ទឹម រដ្ឋា បានប្រកាសជាថ្មីទៀតហើយថានាង និងបុរសម្នាក់ជាជនជាតិអាមេរិក គឺជាសង្សារនឹងគ្នា។ បើទោះបីនេះគឺជាស្នេហាបន្ទាប់ដែលនាងទើបនឹងរកបានថ្មីក្តីក៏តារាស្រីរូបនេះថានឹងមិនប្រើប្រាស់ជីវិតរស់នៅពោលគឺរួមរស់ជាមួយគ្នាមុនពេលក្រាបក្បាលដល់កន្ទេលតាមគន្លងប្រពៃណីខ្មែរដែរ ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីតារាស្រីរូបនេះចាប់ផ្តើមបង្ហាញមុខមាត់គូស្នេហ៍ថ្មីជាសាធារណៈ និងបានណែនាំឲ្យគេបានស្គាល់ថា លោកគឺម្ចាស់ចិត្តថ្មីរបស់នាងនោះផង ។ ទឹម រដ្ឋា បានអះអាងថារវាងនាង និងបុរសជនជាតិអាមេរិក មិនមានអ្វីត្រូវលាក់បាំងហើយ ដោយសារតែនាងក៏បានយល់ថា បុរសបរទេសរូបនេះ កាន់តែស្រឡាញ់ និងផ្ដល់ភាពកក់ក្ដៅឲ្យនាងកាន់តែខ្លាំងបើទោះបីជាពេលនេះនាងនិងបុរសម្នាក់នោះស្ថិតក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នាក្តី ។
នាងថាគូស្នេហ៍ថ្មីនាងឈ្មោះ Jovany Antonio ជាជនជាតិអាមេរិកកាំង និងជាបុគ្គលិកផ្នែកអចលទ្រព្យមួយនៅកម្ពុជា ។ នាងបញ្ជាក់ដែរថា វាមិនមែនជារឿង ចម្លែកនោះទេ ដែលនាងបាក់បែកសង្សារ ជាជនជាតិប៉ាគីស្ថាន ហើយបានភ្ជាប់ស្នេហ៍ ជាមួយបុរសអាមេរិក ដែលធ្វើឲ្យគេកត់សម្គាល់ថា នាងចាយសម្រស់ភាគច្រើន តែលើបុរសបរទេសហើយនាងហាក់មិនសូវជាចាប់អារម្មណ៍ចំពោះបុរសខ្មែរនោះ ។ មិនសូវចាប់អារម្មណ៍ ចំពោះបុរសខ្មែរ នោះគឺបុរសក្នុងស្រុកមួយចំនួន ដែលនាងបានស្គាល់មិនសូវផ្ដល់តម្លៃ ឲ្យនាងដែលជាសិល្បការិនី និងដោយសារតែនាង ចាប់ផ្ដើមបាត់បង់ទំនុកចិត្ត ។ នាងថា ខ្លួននឹងសាកល្បង ជាមួយបុរសអាមេរិករូបនេះ មួយលើកទៀត ហើយបើចំណងស្នេហាស្រាប់តែ ដល់ផ្លូវបំបែក ដូចគ្នានឹងសង្សារមុន នោះនាងនឹងធ្វើការពិចារណាថា ត្រូវបន្តរំលេចស្នេហាជាមួយបុរស បរទេសជាថ្មីម្ដងទៀត ឬត្រូវបញ្ចប់ ។
នាងក៏បដិសេធមិនប្រើប្រាស់ជីវិតរស់នៅតាមបែបអ៊ឺរ៉ុបពោលគឺមិនរួមរស់ជាមួយគ្នាមុនពេលរៀបការទេ។ នាងថា ប្រសិនបើស្នេហានេះជាស្នេហាដែលនាងអាចទុកចិត្តបាននឹងនឹងសម្រេចចិត្តចូលរោងការជាមួយបុរសនេះក្រោមការទទួលស្គាល់ដឹងលឺ និងឆ្លងកាត់ទំនៀមទម្លាប់ប្រពៃណីខ្មែរ ។
នាងបញ្ជាក់ដែរថា ការភ្ជាប់ទំនាក់ទំនងជាមួយបុរសក្រៅស្រុក ក៏មិនមែនមានន័យថា នាងសម្លឹងមើលឃើញទ្រព្យសម្បត្តិរបស់បុរសនោះទេ ពោល គឺនាងចង់បានបុរសម្នាក់ ដែលយល់ចិត្ត ឲ្យតម្លៃយោគយល់ចំពោះការងារសិល្បៈ ។ នាងថាបុរសថ្មីដែលនាងស្គាល់គឺមិនប្រកាន់រឿងសិល្បៈ និងបើកចិត្តទូលាយឲ្យ នាងមានភាពជិតស្និទ្ធិ ក្នុងសង្គមខាងក្រៅ បូករួមទាំងការបញ្ចេញភាពស៊ិចស៊ី នៅក្នុងកុនផង ។
តារាស្រីរូបនេះលើកឡើងដែរថា នាងនឹងព្យាយាមរក្សាចំណងស្នេហ៍នេះ ឲ្យបានយូរអង្វែង និងមិនចង់មានឈ្មោះថា ជាស្រីដែលមានសង្សារច្រើននោះដែរ អ្វីដែលសំខាន់ គឺការបន្តស្វែងយល់ចិត្តគ្នាទៀតថា នឹងរួមរស់ជាមួយគ្នាបានកម្រិតណាទៅថ្ងៃមុខ ៕ វឌ្ឍនា