ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកងរាជអាវុធហត្ថខេត្ត បង្ក្រាបករណីហិង្សាក្នុងសហព័ន្ធ ឃាត់ខ្លួនជនសង្ស័យជាប្ដី

ចែករំលែក៖

ខេត្តស្វាយរៀង: កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានសហការជាមួយកងរាជអាវុធហត្ថខេត្ត បង្ក្រាបករណីហិង្សាក្នុងសហព័ន្ធ ឃាត់ខ្លួនជនសង្ស័យជាប្ដីម្នាក់។

សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ហិន រិទ្ធី ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីកន្លែងកំណើតភូមិជ្រួល ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិពោធិតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង។

ចំណែកស្រ្តីរងគ្រោះជាប្រពន្ធមានឈ្មោះ ឃ្លោក សំអន់ អាយុ ៣៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិពោធិតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង។

សមត្ថកិច្ចបញ្ជាក់ទៀតថា កាលពីថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៦ វេលាម៉ោង ២និង៣០នាទី រសៀល សមត្ថកិច្ចបានទទួលព័ត៌មានថា នៅត្រង់ចំណុចតូបលក់ដូររបស់ឈ្មោះ ឃ្លោក សំអន់ ជាប់មាត់ទន្លេវ៉ៃគោ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ មួយកើតឡើងបង្កដោយជនសង្ស័យម្នាក់

បានធ្វើសកម្មភាព រករឿងឈ្លោះ និងចោទប្រកាន់ថា ប្រពន្ធ(លួចលាក់មានសង្សា)  និងបានវាយប្រពន្ធចំនួន ០២ដៃ ត្រូវចំថ្ពាល់បណ្តាលអោយដួលទៅលើដី មានស្នាមជាំក្រហម ហើមទាំងសងខាង ព្រមទាំងបានយកកាំបិតចិតបន្លែភ្ជុងក ប្រពន្ធ រួចស្រែកគម្រាមថា បើនណាហ៊ានចូលទៅក្បែរ រូបខ្លួននិងចាក់សម្លាប់ប្រពន្ធតែម្តង។ 

ក្នុងករណីនេះ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះទៅដល់កន្លែងកើតហេតុ បានអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ បានដោយសុវត្ថិភាព ចំណែកឯជនសង្ស័យឈ្មោះ ហិន រិទ្ធី ពេលសមត្ថកិច្ចអន្តរាគមន៍ ចូលទៅឃាត់បានយកកាំបិតនៅក្នុងដៃចាក់ប្រពន្ធចំនួន ០២កាំបិត តែមិនបណ្តាលអោយរងរបួស ដោយសារសមត្ថកិច្ចយើងជួយឃាត់ទាន់ពេលវេលា រួចក៏បានតដៃជាមួយសមត្ថកិច្ច ហើយក៏ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនបាន រួមទាំងវត្ថុតាងកាំបិតចិតបន្លែ ០១ដើម។ មូលហេតុ ដោយសារភ្លើងប្រច័ណ្ឌ ជាមួយប្រពន្ធ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងសមត្ថកិច្ច កំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់។


ចែករំលែក៖