ខេត្តកណ្តាល÷ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ករណីហិង្សាដែលបានកើតហេតុថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៩:១៥នាទីនៅត្រង់ចំណុចកើតហេតុលើផ្លូវលំទំនប់សម្តេចជាស៊ីម ស្ថិតក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្ដាល។
ជនរងគ្រោះ ឈ្មោះឃីម ខឹម ភេទ ប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិកំពង់ស្វាយឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។ ជនសង្ស័យ ឈ្មោះបូ បុល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតនប្រាកដមានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
តេស្តទឹកនោមរកសារធាតុញៀនអវិជ្ជមាន(-)។
លោកប៉ា ច័ន្ទវិសាល អធិការរងស្រុកកៀនស្វាយផ្នែកព្រហ្មទណ្ឌឱ្យដឹងថា នៅមុនពេលកេីតហតុជនសង្ស័យបានផឹកស្រាស្រវឹងហើយដេីរត្រឡប់មកផ្ទះរបស់ខ្លួនវិញចំណែកជនរងគ្រោះកំពុងអង្គុយធ្វើសត្វកណ្ដុរនៅក្រោម ផ្ទះរបស់ខ្លួន(ផ្ទះជនរងគ្រោះនិងផ្ទះជនសង្ស័យនៅជាប់ គ្នា)។ ភ្លាមនោះជនសង្ស័យស្រែកសួរ ទៅជនរងគ្រោះថា ហ្អែងមិចបានដើរចូលក្រោមផ្ទះរបស់អញធ្វើអី? ពេល នោះជនរងគ្រោះបានឆ្លើយទៅវិញថា អញមិនបានចូលក្រោមផ្ទះហ្អែងទេ ! បន្ទាប់មកជនរងគ្រោះឈប់ធ្វើសត្វកណ្តុរ រួចដើរចេញពីក្រោមផ្ទះមកឈរលើផ្លូវមុខផ្ទះវិញស្រាប់តែជនសង្ស័យនិងជនរងគ្រោះបានឈ្លោះប្រកែកគ្នាទៅវិញទៅមក។
ភ្លាមនោះជនសង្ស័យបានដើរឡើងទៅលើផ្ទះរបស់ខ្លួនយកដែកថ្នាំងអំពៅប៉ុនកូនដៃប្រវែងប្រហែល១៣ សង់ទីម៉ែត្រ ចុងស្រួចកាន់ជាប់នឹងដៃមកចាក់ចំកំភួនដៃខាងស្តាំរបស់ជនរងគ្រោះបណ្តាលអោយមានរបួសហូរឈាម។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យក៏ដើរឡើងលើផ្ទះរបស់ខ្លួនវិញហើយបោះវត្ថុតាងចោល (ជនសង្ស័យមិនប្រាប់ទីកន្លែងលាក់វត្ថុតាងទេ)។
ចំណែកជនរងគ្រោះត្រូវក្រុមគ្រួសារយកមកព្យាបាលនៅមន្ទីរពេទ្យ២៤ម៉ោងស្ថិតក្នុងឃុំឈើទាល រហូតមកដល់ម៉ោង២០:០០នាទី ក្រុមគ្រួសារជនរងគ្រោះបានរាយការណ៍អំពីព័ត៌មានខាងលើប្រាប់ប៉ុស្តិ៍កំពង់ស្វាយពេលទទួលបានព័ត៌មានដូចខាងលើភ្លាមកម្លាំងប៉ុស្តិ៍កំពង់ស្វាយបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍។
លុះព្រឹកឡើងថ្ងៃទី២២ ខែកក្តដា ២០២៤ ម៉ោង០៩: ០០នាទីទើបជនរងគ្រោះមកដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍កំពង់ស្វាយ ហើយសម្ត្ថកិច្ចសាកសួរនឹងនាំខ្លួនជនសង្ស័យទៅដល់កន្លែងកើតហេតុដើម្បីស្វែងរកវត្ថុតាងតែរកពុំឃើញវត្ថុតាងទេ។
នៅចំពោះមុខនគរបាលជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកដែកថ្នាំងអំពៅចុងស្រួចចាក់ចំកំភួនដៃរបស់ជនរងគ្រោះមែន។ មូលហេតុខ្លួនស្រវឹងស្រាខ្លាំងខឹងនឹងជនរងគ្រោះឧស្សាហ៍និយាយឌឺដងដាក់ខ្លួន។
ចំពោះជនសង្ស័យត្រូវបានញ្ចូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច