ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូគេជិះ ជេប្រមាថហើយថែមទាំងវ៉ៃ៣ដៃទៀត ជនសង្ស័យទ្រាំអត់បានទាញពូថៅកាប់ធ្លាយខួ រងរបួសធ្ងន់ធ្ងរ ដង្ហើមចង្រិត

ចែករំលែក៖

 

ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យបានឱ្យដឹងនៅព្រឹកថ្ងៃទី ២៥ខែកក្កដានេះថា ករណីអំពើហិង្សាមួយកើតឡើងជនសង្ស័យយកពូថៅកាប់ទៅលើជនរងគ្រោះចំនួន៤ពូថៅបណ្ដាលឲ្យរងរបួស។ ករណី នេះផ្ដើមចេញពីជនរងគ្រោះជេរទៅលើជនសង្ស័យ។

ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដឹកនាំបញ្ជាផ្ទាល់ដោយលោក វរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២៦  វេលាម៉ោង ១៩និង ៣០នាទី នៅចំណុចភូមិក្រាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានករណីហិង្សាដោយចេតនាមួយកើត ឡើង ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ផេង ដាលីន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅរស់នៅភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បច្ចុប្បន្នធ្វើការងារជាងផ្សារដែកនៅចំណុចភូមិក្រាំងតាសោម ឃុំជំពូព្រឹក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានធ្វើ សកម្មភាពយកពូថៅ០១ដើម ទៅកាប់លើជនរងគ្រោះដែលជាអ្នកធ្វើការងារជាងផ្សារដែកជាមួយគ្នា ចំនួន ០៤ពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវស្លឹកត្រចៀកខាង ឆ្វេង០១ កន្លែង ត្រូវចំក្បាលពីក្រោយ០១កន្លែង ត្រូវចំកញ្ចឹងក០១កន្លែង និងត្រូវចំឆ្មារខាងឆ្វេង០១កន្លែង ។

ជនរគ្រោះឈ្មោះ កែន គន្ធា ភេទប្រុស អាយុ៤៤ឆ្នាំ ទីកន្លែងកំណើតរស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នមកធ្វើការ ងារជាងផ្សារដែកនៅចំណុចភូមិក្រាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងកន្លែងកើតហេតុនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរ ដោយរូបគេបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ។

មូលហេតុដោយសារជនរងគ្រោះបានខ្ចីម៉ូតូរបស់ខ្លួនរួចហើយនិយាយមើលងាយជេរដៀលប្រមាថ និងវាយមកលើរូបខ្លួនចំនួន០៣ដៃ ទើបរូបគេខឹងក៏បានយកពូថៅកាប់ទៅលើជនរងគ្រោះវិញ ។ ចំណែកជនរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។

+ដកហូតវត្ថុតាង:

   -ពូថៅ០១ដើម ទូរស័ព្ទ០១គ្រឿង ម៉ាកOPPO ពណ៌ខៀវ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសុំណំរឿងចាត់ការតាមនីតិវិធីបន្ត៕


ចែករំលែក៖