ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៦:៤៥នាទី មានករណីប្រទះឃើញសាកសពបុរសម្នាក់នៅតំបន់ឆ្នេរឯករាជ ស្ថិតក្នុងក្រុមទី៩ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ បង្កឱ្យមានការភ្ញាក់ផ្អើល និងនាំឱ្យសមត្ថកិច្ចចុះពិនិត្យជាបន្ទាន់។
តាមព័ត៌មានបឋមបានឱ្យដឹងថា សាកសពបានប្រទះ ឃើញដោយប្រជាពលរដ្ឋម្នាក់ ខណៈកំពុងបោសសម្អាតនៅមាត់ឆ្នេរ។ បន្ទាប់ពីឃើញមានអ្វីមួយសង្ស័យនៅក្បែរឆ្នេរ ក៏ចូលទៅពិនិត្យ ហើយប្រទះឃើញជាមនុស្សស្លាប់ រួចបានរាយការណ៍ជូនសមត្ថកិច្ចចុះមកទីតាំងកើតហេតុ។
បើតាមការពិនិត្យបឋម សាកសពជាបុរសមិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុប្រមាណ ២៧ ទៅ ២៨ឆ្នាំ សង្ស័យជាជនជាតិអាស៊ី (អាចជាជនជាតិចិន) មានរាងស្គម កម្ពស់ប្រហែល ១,៦៩ ទៅ ១,៧០ម៉ែត្រ មានសក់ ខ្មៅខ្លី និងមានស្នាមសាក់នៅកំភួនជើងខាងឆ្វេង និងកជើងខាងស្តាំ។
សាកសពពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ និងខោយឺតពណ៌ខ្មៅ។ នៅជុំវិញទីតាំងដែលប្រទះឃើញសាកសព មិនមានសម្ភារៈ ឬតម្រុយសំខាន់ណាមួយត្រូវបានរកឃើញនៅឡើយទេ។
បច្ចុប្បន្ន សាកសពត្រូវបានដឹកយកទៅរក្សាទុកនៅសាលតម្កល់សពនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរង់ចាំមន្ត្រីជំនាញផ្នែកកោសល្យវិច្ច័យធ្វើការពិនិត្យ និងកំណត់មូលហេតុនៃការស្លាប់៕.

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច