ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆេះឃ្លាំងរោងចក្រស្បែកជើង រងគ្រោះកម្មករបីនាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត

ចែករំលែក៖

 

ខេត្តកណ្តាល÷ កម្មករចំនួនបីនាក់រងគ្រោះដួលសន្លប់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងហេតុការណ៍អគ្គីភ័យឆេះឃ្លាំងរោងចក្រស្បែកជើង ( Calson Cambodia ) កាលពីវេលាម៉ោង ១៧និង ០០នាទីថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៦ ស្ថិតក្នុងភូមិលេខ ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

លោកឧត្តមសេនីយ៍ត្រី សារុន ពិសិដ្ធ ស្នងការរងទទួលផែនការងារអាវុធគ្រឿងផ្ទុះនិងអគ្គីភ័យ នៃស្នងការដ្ធាននគរបាលខេត្តកណ្តាល ដែលបានដឹកនាំកម្លាំងផ្ទាល់ជួយអន្តរាគមន៏បានប្រាប់ឲ្យដឹងថា ការសន្និដ្ឋានបឋម គឺ បណ្តាលមកពីជាងផ្សារដែកជើងទ្របំពុងទុយោទឹក ធ្លាក់ផ្កាភ្លើងចុះមកចំ កាតុងសម្រាប់វេចខ្ចប់ស្បែកជើងបណ្ដាលអោយឆាបឆេះរាលដាលក្នុងឃ្លាំងតែម្តង ។

ការខូចខាត៖ ធ្វើឲ្យកម្មករចំនួនបីនាក់សន្លប់ពេល ទៅជួយពន្លត់អគ្គីភ័យនោះ  ជនរងគ្រោះត្រូវបានដឹកតាមរថយន្តសាមុយ និងរថយន្តផ្ទាល់របស់ក្រុមហ៊ុនរោងចក្រ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ – ឆេះក្នុងបន្ទប់ឃ្លាំងចំនួន០១ បណ្ដាលឲ្យខូចទ្រព្យសម្បត្តិដូចជាស្បែកជើងអស់ជាច្រើនឡាំង  និងគូតុងសម្រាប់វេចខ្ចប់ដែលនៅក្នុងបន្ទប់ក្នុងឃ្លាំង។

លោកស្នងការរងបានបញ្ជាក់បន្ថែមថា កិច្ចអន្តរាគមន៍ រថយន្តពន្លត់អគ្គីភ័យចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៤ស៊ីទែន ក្នុងនោះ រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន០២គ្រឿង រថយន្តពន្លត់អគ្គីភ័យបញ្ជាការដ្ធានអង្គរក្សចំនួន០២គ្រឿង  សហការជាមួយកម្លាំងអន្តរាគមន៏អធិការដ្ធានគរបាលក្រុងតាខ្មៅ បុស្តិ៍នគរបាលស្វាយរលំ  ប៉ុស្តិ៍នគរបាលរកាខ្ពស់ និងអាជ្ញាធរមូលដ្ធាន ភ្លើងបានរលត់ទាំងស្រុង នៅវេលាម៉ោង ១៩និង០០នាទីក្នុងថ្ងៃដដែល ៕


ចែករំលែក៖