ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៣នាក់ជិះម៉ូតូគេចពីគេដេញវាយជ្រុលទៅបុកបង្គោលភ្លើងបណ្ដាលឲ្យស្លាប់ម្នាក់​ និងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលនឹងថ្មស្លាប់ភ្លាមៗនៅកន្លែង ហើយ២នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ ដោយសារតែជិះម៉ូតូលឿនរត់គេចពីការដេញវៃ ហើយជ្រុលទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះសូរាម្រិត កែងផ្លូវលេខ៥១ ស្ថិយក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនមួយក្រុមមានគ្នា៩នាក់ ជិះម៉ូតូ៣គ្រឿង មិនចាំម៉ាក បានដេញតាមវាយយុវជនរងគ្រោះ ដែលមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ZoomerX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FZ-៧០៣២ ដោយជិះតាមបណ្តោយផ្លូវព្រះសូរាម្រិតក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ពេលដែលជិះដល់កែងផ្លូវលេខ៥១ ដែលជាផ្លូវកោង ជនរងគ្រោះទាំង៣ដែលជិះរត់នោះ បត់មិនទាន់ដោយសារល្បឿនលឿនពេក បណ្តាលឲ្យជ្រុលទៅបុកបង្គោលភ្លើង ដួលបោកស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់ ចំណែកជនបង្កដែលជិះដេញពីក្រោយនោះពេលឃើញមានមនុស្សស្លាប់ ក៏នាំគ្នាជិះគេចអស់ទៅ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២ត្រូវរថយន្តសាម៉ុយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌដូនពេញ ។

ដោយឡែក សាកសពត្រូវបានក្រុមគ្រួសារយកទៅគេហឋានធ្វើបុណ្យតាមប្រពៃណី ៕ ជីម ភារ៉ា ដង្កោ

img_3313 img_3273 img_3287 img_3289 img_3294


ចែករំលែក៖