ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់ជំរិតនៅក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៣នាក់

ចែករំលែក៖

ខេត្តព្រះសីហន÷កាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៣៖៥៨នាទីរំលងអធ្រាត្រ ត្រង់ចំណុចក្បែរផ្សារទំនើប វ័នតា ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ធ្វើការចាប់ជនរងគ្រោះឈ្មោះ LI BINGHUI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ឡើងរថយន្តម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ រួចធ្វើការជំរិតទារប្រាក់ក្នុងរថយន្តតែម្ដង។

នៅថ្ងៃ.ខែ.ឆ្នាំដដែល វេលាម៉ោង១៥:៣៥នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការជួយសង្គ្រោះជនរងគ្រោះខាងលើ ត្រង់ចំណុច ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ LIU HAILONG ភេទប្រុស ជនជាតិចិន។

បន្ទាប់មកនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៧:៣០នាទី ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងស្នងការនគរបាលខេត្តព្រះសីហនុ, កម្លាំងស្នងការនគរបាលខេត្តកំពត, កម្លាំងស្នងការនគរបាលខេត្តកំពង់ឆ្នាំង, កម្លាំងស្នងការនគរបាលខេត្តបាត់ដំបង, កម្លាំងស្នងការនគរបាលខេត្តសៀមរាប, កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, កម្លាំងអធិការនគរបាលខណ្ឌច្បារអំពៅ និងកម្លាំងអធិការនគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់បន្ថែមរួមមាន៖

១-ឈ្មោះ PANG WEIGANG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន កាន់លិខិត្លងដែនលេខ EL7880793។

២-ឈ្មោះ HU HAIPENG ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខER2360242 ត្រង់ចំណុចសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

៣-ឈ្មោះ LIU HAIDONG ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEF8099052 ត្រង់ចំណុចភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យខាងលើត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំ ។ 

      

ក្រោយពីបានធ្វើការសួរនាំ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវ និងអនុវត្តនីតិវិធី៕.


ចែករំលែក៖