ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងម្នាក់ដែលមានការផ្សព្វផ្សាយថាជននេះបានអះអាងខ្លួនជាកូនខ្លា របស់មេរហស្សនាម(០៧)ក្រោយបានចូលរួមប្រើហិង្សាទៅលើយុវជនម្នាក់!

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែល ពាក់ព័ន្ធករណីហិង្សាទៅលើយុវជនម្នាក់បណ្តាលឲ្យរងរបួស កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជននេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ 

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនសមត្ថកិច្ចធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកក្កដានេះ មានឈ្មោះ សែច័ន្ទ សេង ហៅ អាសេង អាយុ១៧ឆ្នាំ។ 

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានចាប់យកវត្ថុតាងម៉ូតូមួយគ្រឿង ដែលជនសង្ស័យបានប្រើប្រាស់ក្នុងការធ្វើសកម្មភាពផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា នេះជាជនទី២ហើយដែលត្រូវចាប់ខ្លួន ក្រោយពីបក្ខពួកម្នាក់ទៀត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែកក្កដា៕ដោយ​៖តារា​


ចែករំលែក៖