ព័ត៌មានទាន់ហេតុការណ៍៖

អ្នករត់ពាក់កណ្តាលម៉ារ៉ាតុង៦ពាន់នាក់ បានចុះឈ្មោះរួចហើយ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២១នៅខេត្តសៀមរាបមានអ្នកចុះឈ្មោះចំនួន៦ពាន់នាក់ហើយ នេះបើតាមការអះអាងរបស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅក្នុងសន្និសីទសារព័ត៌មាននាពឹ្រកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅទី ស្នាក់ NOCC ។

លោកអគ្គលេខាធិការ NOCC បាន មានប្រសាសន៍ថាគិតត្រឹមព្រឹកនេះ(២៩ តុលា) គណៈកម្មការរៀបចំព្រឹត្តិការណ៍ ខាងលើទទួលចុះឈ្មោះអ្នករត់បានចំនួន៦ពាន់នាក់ហើយក្នុងនោះមានជនបរទេស៤ពាន់នាក់មកពី៦៩ប្រទេសនិងពលរដ្ឋខ្មែរ២ពាន់នាក់។ សម្រាប់ព្រឹត្តិការណ៍នេះ យើងរំពឹងថា នៅឆ្នាំ២០១៧អាចនឹងមានអ្នកចូលរួមរត់ប្រមាណ១ម៉ឺននាក់ប្រសិនបើស្ថានភាពសេដ្ឋកិច្ចពិភពលោកគ្មានអ្វីប្រែប្រួលនោះ។

លោកបានបញ្ជាក់ថា នៅក្នុងចលនា កីឡាអូឡាំពិកគេបង្កើតបំផុសឲ្យមានព្រឹត្តិការណ៍កីឡាឲ្យបានច្រើន ដោយគ្មានប្រកាន់និន្នាការនយោបាយអ្វីទាំងអស់គឺអ្នកណាក៏អាចចូលលេងបានដែរ ។ លោកបាន បញ្ជាក់ថា នៅខេត្តសៀមរាបយើងមានការលំបាកបន្តិចប្រសិនបើមានមនុស្សចាប់ពី១ម៉ឺននាក់ឡើងទៅ ព្រោះសណ្ឋាគារមាន ចំនួនតិច ពិសេសសណ្ឋាគារលំដាប់ផ្កាយ៥ជាងនេះទៅទៀត សណ្ឋាគារមួយចំនួនធំគឺប្រហែលជា៧០ភាគរយត្រូវបានភ្ញៀវទេសចរចិនគេកក់យកអស់ជាហេតុធ្វើឲ្យភ្ញៀវមកពីបណ្តាប្រទេសដទៃពិបាករកផ្ទះស្នាក់នៅ។ ជាមួយគ្នានោះដែរ លោក ក៏បានសំណូមពរ ដល់ម្ចាស់ទីតាំងសណ្ឋា គារ ផ្ទះសំណាក់ នៅខេត្តសៀមរាបទាំងអស់សូមកុំដំឡើងថ្លៃខ្ពស់ហួសហេតុពេកធ្វើឲ្យខាតប្រយោជន៍រួម ពិសេសបងប្អូនអជីវករ ផ្ទាល់តែម្តង ។

គួររំលឹកថា ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងលើកទី២០កាលពីឆ្នាំ២០១៥ មានអ្នកចូលរួម៨.៥០០នាក់ ខណៈឆ្នាំ ២០១៦ នេះគណៈកម្មការប្រកាសថា នឹងបិទការចុះឈ្មោះជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ខែវិច្ឆិកានេះសិន ដើម្បីត្រួត ពិនិត្យសម្ភារហើយនឹងបើកចុះឈ្មោះបន្តនៅសប្តាហ៍ទី២នៃខែវិច្ឆិការហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦មុនពិធីចាប់ផ្តើម។

លោក សែម ផល្លា នាយកគ្រប់គ្រង បច្ចេកទេសនៃព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុងបានបញ្ជាក់ថា សម្រាប់ ការចុះឈ្មោះចូលរួមរត់ប្រណាំង នេះជនបរទេសតម្លៃ៣០ដុល្លារវិញ្ញាសា ២១គីឡូម៉ែត្រ ពលរដ្ឋខ្មែរ១៥ដុល្លារវិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រជនបរទេស២៥ដុល្លារពលរដ្ឋខ្មែរ១០ដុល្លារ វិញ្ញាសារត់ កម្សាន្ត៣គីឡូម៉ែត្រ ជនបរទេស១០ពលរដ្ឋ ខ្មែរ៥ដុល្លារ ។ ចំពោះថវិកាដែលប្រមូល បានព្រឹត្តិការណ៍នេះ NOCC និងបរិច្ចាគ ទៅដល់មន្ទីរពេទ្យ កុមារអង្គរនិងអ្នករងគ្រោះដោយគ្រាប់មីនផងដែរ ៕ សារីម

e2 aas


ចែករំលែក៖