ល្ងាចមិញ នៅសុខៗអាម្លាញ់ខ្ញុំបើកអាឆ្លាមទៅយកខ្ញុំដល់ផ្ទះ ដើម្បីស្រស់ស្រូបអាហារ ពេលល្ងាចនៅព្រែកលៀប ។ នៅខ្យូសជាច្រើនក្នុងហាងមួយដែលនាយជាលសុំមិនបញ្ចេញ ឈ្មោះហាងនេះ មានភ្ញៀវក្មេងចាស់ប្រុសស្រីជាច្រើនចូលទៅរួមផឹកស៊ីយ៉ាងឆ្ងាញ់និងសើចសប្បាយ ព្រោះមានតន្រី្តប្រគំកំដរ និងជាថ្ងៃចុងសប្តាហ៍ផង ។
អ្វីដែលនាយជាលចាប់អារម្មណ៍នៅពេលនោះ គឺអាសម្លាញ់ខ្ញុំអូសដៃទៅអង្គុយនៅក្នុង ខ្យូសស្បូវមួយក្បែរខ្យូសស្រី្តវ័យជិត៥០ឆ្នាំម្នាក់ដែលកំពុងអង្គុយជាមួយបុរសមានវ័យប្រមាណ២៤ឆ្នាំម្នាក់ក្នុងភាពស្និទ្ធិស្នាលដូចម្តាយនឹងកូនពេលពិសាអាហារពេលល្ងាច ។
-បងឯងញាំសាច់ច្រើនយ៉ាងនឹង មិនខ្លាចធាត់ខូចរាងទេ ? ដូចគេធាក់ខ្ញុំមួយជើង ខ្ញុំចង់សន្លប់កាលបើបានឮស្រ្តីចំណាស់ម្នាក់នេះនិយាយទៅកាន់ប្រុសក្មេងប្រើពាក្យ « បង » ។ អា សម្លាញ់កេះស្មាខ្ញុំមួយខ្វាច់ រួចឱនខ្សឹបដាក់ត្រចៀកខ្ញុំថា អាជាល! ឯងត្រូវដឹងអានឹងគេហៅថា ស្រីចាស់ ស៊ីហ្ស៊ីនប្រុសក្មេង ឯងកុំមាត់ចាំឃ្លាំមើលតទៅទៀត ។ ខ្ញុំបើកភ្នែកធំៗនិងឆ្ងល់ថា ស៊ី ហ្ស៊ីនប្រុសក្មេងយ៉ាងម៉េចបើខាងប្រុសដូចកូនបង្កើតយ៉ាងនឹង? ។
ដោយអំណាចអំពូលភ្លើងចាំងយ៉ាងច្បាស់ដូចថ្ងៃ ខ្ញុំក្រឡេកឃើញស្រី្តចំណាស់រូបនេះ ម៉ាក់កាយេមុខសរលោងស្រិល បបូរមាត់ក្រហមទុំដូចចំពុះសេក និងមានសាច់ឈាមស្រស់ថ្លាដូចជំទាវ តែទាស់បន្តិចមានសាច់ជ្រៀវជ្រួញត្រង់ចុងភ្នែក និងចិញ្ចើម។គាត់កំពុងអង្គុយកៀកកិតលើភ្លៅប្រុសក្មេង ហើយដោយទំនងស្រវឹងស្រាបៀរABC ផងនោះគាត់និយាយទៅកាន់ប្រុសស្នេហ៍វ័យក្មេងថា«បងឯងនេះ បើកុំតែបានម្យ៉ាងអារឿងលើគ្រែ កុំអីអូនលែងត្រូវការហើយ» ដូចគេទះកំផ្លៀងមួយដៃម្តងទៀតព្រោះខ្ញុំឃើញស្រ្តីរូបនេះនិយាយចប់សឹងមិនទាន់ ប្រុសក្មេងឱនថើបគូស្នេហ៍ចំណាស់វិញ រួចពោលថា អូនឯងក៏ចឹងដែរ បើកុំតែមានអាស្រម៉ូម (ដុល្លារ)ផ្គាប់ចិត្តបងកុំអីបងទៅបាត់ហើយ !
ពេលឃើញដូច្នេះអាសម្លាញ់ខ្ញុំ វានិយាយតិចៗថា អានឹងហើយគេហៅថាសំផឹងប្រុស នោះអី ឯងដឹងទេសម័យកាលនេះ ខុសសម័យកាលមុនដែលជីដូនជីតាហ្អែងនឹងអញធ្លាប់តែ គាត់និយាយប្រាប់ថា សម័យគាត់មានតែសំផឹងស្រីទេ មិនមានសំផឹងប្រុសដូចសម័យនេះ ឡើយ ។ សម័យនេះអ្នកមាន ជាពិសេសអស់លោក លោកស្រី ឯកឧត្តមលោកជំទាវ ខ្លះ ដែលសល់លុយចាយមិនអស់ តែខ្វះភាពកក់ក្តៅអារឿងស្នេហា តែងផិតក្បត់ ប្រពន្ធឬប្តី ជាញឹកញាប់ ។
អាសម្លាញ់លេបទឹកមាត់មួយក្អឹកទើបបន្តថា « ឯងដឹងទេ! មានឯកឧត្តមខ្លះជ្រិញនឹង ឆ្នាំងចាស់ខ្លាំងពេក ទិញសំបុត្រយន្តហោះឲ្យស្រីក្មេងជិះទៅក្រេបទឹកឃ្មុំជាមួយគ្នានៅក្រៅ ប្រទេសយ៉ាងសុខសាន្ត។ ឯជំទាវខ្លះ ទំនងជាប្តីមិនសូវរវល់យកចិត្តទុកដាក់រឿងលើគ្រែនេះ ក៏ លួចមានប្រុសក្មេងឬជួលសំផឹងប្រុសកំដរអារម្មណ៍ដូចស្រីម្នាក់នឹងអីចឹង » បានឮអាសម្លាញ់និយាយបែបនេះ ខ្ញុំហាក់ដូចជាភ្លឺភ្នែកបន្តិច តែនៅមានចម្ងល់មួយសួរ វាថា ចុះបើចង់រកសំផឹងប្រុសទាំងនោះគួរធ្វើម៉េចទៅ ?
អាសម្លាញ់យកដៃទះក្បាលខ្ញុំ ហើយប្រាប់ថា កុំល្ងង់ពេកសម័យនេះសម័យហ្វេសប៊ុក សម័យទូរស័ព្ទទំនើប គ្រាន់តែស្គាល់លេខទូរស័ព្ទ គេបង្ហោះរូបភាពតាមឆាតនូវរូបភាពប្រុស សំផឹងធុនណា បើគេពេញចិត្តមួយណា គេមកដល់កន្លែងណាត់ជួបភ្លាមគ្មានពិបាកទេ ។
ការរៀបរាប់របស់អាសម្លាញ់ខ្ញុំពីបញ្ហានេះ ធ្វើឲ្យអារម្មណ៍ខ្ញុំកាន់តែហួសចិត្ត និងចេះតែ មន្ទឹលដដែលថា តើស្រុកខ្មែរមានពេស្យាចារប្រុសដូចអាសម្លាញ់ខ្ញុំថាមែនទេ ?